(វ៉ាស៊ីនតោន)៖ ពីឡុតអាមេរិក​ដ៏ល្បីឈ្មោះម្នាក់ឈ្មោះ ឆេស្លេយ ស៊ូលឡេងប៊ឺហ្គឺ (Chesley B. Sullenberger) បានរិះគន់យ៉ាងខ្លាំងថា ក្រុមហ៊ុនផលិត​យន្ដហោះ Boeing គ្មានសមត្ថភាព​ដោះស្រាយកំហុស​របស់ខ្លួន ពាក់ព័ន្ធនឹង​យន្ដហោះ​ត្រកូល Boeing 737 MAX ហើយថា ពីឡុតបញ្ជា​យន្ដហោះ​ដែលធ្លាក់នៅអេត្យូពី​ គឺបានខ្វះខាត​ការបណ្ដុះបណ្ដាលជំនាញ​ជាទី​បំផុត។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅ​រសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

លោក Sullenberger ធ្វើការកត់​សម្គាល់បែបនេះ នៅលើសារមួយ​បង្ហោះលើ Facebook នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ បន្ទាប់ពីការកើតមានគ្រោះថ្នាក់​ធ្លាក់យន្ដហោះ Boeing 737 MAX 8 ផ្ដាច់ជីវិតមនុស្ស ១៥៧នាក់​នៅអេត្យូពី។ លោក Sullenberger បានលើក​ឡើងយ៉ាងដូច្នេះថា «​ចាប់តាំងពីគ្រោះថ្នាក់ធ្លាក់​យន្ដហោះរបស់​ក្រុមហ៊ុន Lion Air នៅ​ឥណ្ឌូណេស៊ី Boeing 737 MAX 8 ចាំបាច់ត្រូវតែកែ​សម្រួល​ឡើងវិញ ប៉ុន្តែវាមិន​បានកើតឡើង​នោះទេ... ហើយ​ខ្ញុំជឿថា ពីឡុតដែលបញ្ជា​យន្ដហោះប្រភេទ នេះរួចធ្លាក់​នៅ​អេត្យូពី ត្រូវតែធ្វើអ្វីគ្រប់យ៉ាង​ដើម្បីបញ្ចៀស​សោកនាដកម្ម តែពួកគេមិនមាន​បទពិសោធន៍​គ្រប់គ្រាន់​ ក្នុងការ​ដោះស្រាយបញ្ហានោះទេពេលអាសន្ន​កើតឡើង»

គួរបញ្ជាក់ថា លោក Chesley B. Sullenberger គឺជាពីឡុត​ដ៏ល្បីល្បាញម្នាក់ ហើយលោក​ត្រូវបាន​គេ​ចាត់ទុកថា ជាវីរៈបុរស​​មួយរូប​បន្ទាប់ពី​បាន​បញ្ជៀស​សោកនាកម្ម​ដោយ​បញ្ជាយន្ដហោះ​​របស់លោក​ដឹក​មនុស្ស ១៥៥នាក់​កុំឱ្យធ្លាក់ និងចុះចត​យ៉ាង​ជោគជ័យ​នៅ​លើទន្លេ ហ៊ូដសុន (Hudson) សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ២០០៩។ បច្ចុប្បន្ន​ប្រអប់ខ្មៅ​​របស់​យន្តហោះ​អេត្យូពី​កំពុងស្ថិត​នៅបារាំង ដើម្បីរង់ចាំក្រុម​ជំនាញ​វិភាគ​រកមូលហេតុ​ធ្លាក់ ដែលវាអាចស្រដៀង​ទៅនឹងករណីធ្លាក់​របស់ Lion Air នៅ​ឥណ្ឌូណេស៊ី៕