(ប៉េកាំង)៖ ក្រុមហ៊ុន Gallup ដែលជាទីភ្នាក់ងារ​ស្ទង់មតិដ៏ល្បី​របស់ប្រទេស​អាមេរិកបាន​បង្ហាញនូវលទ្ធផល​នៃការស្ទង់មតិថ្មី​បំផុតរបស់ខ្លួន​ ដោយបាន​បង្ហាញឲ្យ​ឃើញថា អត្រាដែល​ប្រជាជនទូទាំង​ពិភពលោកគាំទ្រ​ លើកម្លាំងដឹកនាំ​នៃពិភពលោក​របស់ប្រទេសចិន​គឺ ៣៤​% សម្រាប់​អាមេរិកវិញ​គឺ ៣១%។ នេះជាលើក​ទីពីរដែល​កម្លាំងដឹកនាំ​របស់ប្រទេស​ចិន បានលើស​អាមេរិក បន្ទាប់ពីកើតមាន​វិបត្តិហិរញ្ញវត្ថុអន្តរជាតិ​កាលពីឆ្នាំ​២០០៨។

ការស្ទង់មតិនេះ​បានធ្វើឡើងក្នុង​ប្រទេស និងតំបន់ចំនួន ១៣៤ លើពិភពលោក។ ការស្ទង់មតិនេះ​បានបង្ហាញឲ្យ​ឃើញទៀតថា នៅទ្វីបអឺរ៉ុប ទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក អត្រាដែល​ទទួលស្គាល់ថា ប្រទេសចិនជា​អ្នកដឹកនាំនៃ​ពិភពលោក សុទ្ធតែលើស​អាមេរិក ហើយចិនទទួល​បានអត្រាទទួលស្គាល់​ខ្ពស់បំផុតនៅ​ទ្វីបអាហ្វ្រិក ដែលមានដល់ទៅ ៥៣ %។

ដូចដែលមជ្ឈដ្ឋាន​នានាបានដឹងច្បាស់​ហើយថា ដោយសារតែរង​ផលប៉ះពាល់នៃវិបត្តិ​បំណុលរបស់​សហរដ្ឋអាមេរិក ដូច្នេះ​ធ្វើឲ្យពិភពលោក​ទាំងមូលបានធ្លាក់ចូល​ទៅក្នុងវិបត្តិហិរញ្ញវត្ថុ​ដ៏ធ្ងន់ធ្ងរបំផុតក្នុងឆ្នាំ​២០០៨​។ នាឆ្នាំនោះដោយផ្អែក​ទៅលើកំណែទម្រង់ និងការបើកទូលាយជិត ៣០​ឆ្នាំ និងកិច្ចខិតខំ​ប្រឹងប្រែង ប្រទេសចិន​បានក្លាយជាកម្លាំង​ចលករដ៏ខ្លាំងក្លា​មួយ ដើម្បីជួយឲ្យ​សេដ្ឋកិច្ចពិភពលោក​រួចផុតពីគ្រោះថ្នាក់ និងជំរុញកំណើន​សេដ្ឋកិច្ចនៃ​ពិភពលោកថែមទៀត។

នៅឆ្នាំដដែលនោះ ការស្ទង់មតិរបស់ក្រុមហ៊ុន Gallup បានបញ្ជាក់​ជាលើកដំបូងថា ឥទ្ធិពលលើ​សកលលោករបស់ប្រទេសចិន​ បានលើស​សហរដ្ឋអាមេរិក។ ក្រោមការ​ជួយជ្រោមជ្រែង​របស់ប្រទេសចិន​កាលនោះ សេដ្ឋកិច្ច​ពិភពលោក​បានចេញផុតពីវិបត្ដិជា​បន្តបន្ទាប់ ហើយបានចាប់​ផ្តើមបង្ហាញនូវនិន្នាការ​កំណើន​យឺតៗ ប៉ុន្តែប្រកបដោយស្ថិរភាព។

ទោះជា​យ៉ាងណា​ក៏ដោយ បណ្តាប្រទេស​លោកខាងលិច​ជឿនលឿនមួយ​ចំនួន​មិនអាច​ប្រឈមមុខ និងដោះស្រាយបញ្ហា​ស្តីពីការបែងចែក​ដោយសមហេតុផល​នូវទ្រព្យសម្បត្តិសង្គម ក្នុងរយៈពេល​ដ៏វែង ដែល​បណ្តាលឲ្យមានការខ្វែងគំនិតគ្នា​យ៉ាងខ្លាំង​រវាងអ្នកមាន និងអ្នកក្រ អត្រា​ជំពាក់បំណុលកើនឡើង​ និងប្រជានិយម​ក្នុងស្រុកកំពុង​កើន​ឡើង។

ក្នុងស្ថានភាព​នៃការផ្លាស់ប្តូរមិនធ្លាប់​មានក្នុងរយៈពេល ១០០ឆ្នាំ​កន្លងទៅនេះ បណ្តាប្រទេស​នានាមិនគ្រាន់តែត្រូវ​ការ ការអភិវឌ្ឍ​ដោយសន្តិភាព​ប៉ុណ្ណោះទេ ថែមទាំង​ក៏ត្រូវការស្វែងរករូបមន្ត​អភិវឌ្ឍន៍ ឱកាសអភិវឌ្ឍន៍​ដែលសមស្រប​នឹងសេចក្តីត្រូវការ​របស់ខ្លួន និងកម្លាំងណែនាំ និងស្រូបទាញ​ដ៏ខ្លាំងក្លា​។ លើកនេះមនុស្សទាំងឡាយ​បានយកចិត្តទុកដាក់​ដល់ប្រទេសចិន​វិញម្តង ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបាន​ប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ថ្មី​បែបច្នៃប្រឌិតថ្មី សម្របសម្រួលគ្នា បៃតង បើកទូលាយ និងចែក​រំលែកគ្នា​។ តាមរយៈការ​លុបបំបាត់ភាពក្រីក្រ​ដោយចំគោលដៅ វាបានជួយឲ្យអ្នក​ក្រីក្រជាង ១០លាន​នាក់ចេញផុតពីភាពក្រីក្រ​ជារៀង​រាល់ឆ្នាំ ។ ជាមួយគ្នានេះ​បានចាត់ទុក «ការពិគ្រោះជា​មួយគ្នា ការកសាង​ជាមួយគ្នា និងចែករំលែក​ជាមួយគ្នា» ជាគោលការណ៍​មាស​។

ជាងនេះទៅទៀតបានបង្កើត​វេទិកាកិច្ច​សហប្រតិបត្តិការ​មួយ ដែលផ្តល់ផលប្រយោជន៍​គ្នា និងឈ្នះ-ឈ្នះ ដែលមាន​ទ្រង់ទ្រាយធំបំផុតដល់​ពិភពលោក ហើយមាន​ប្រទេសចំនួន ១២៣ និងអង្គការ​អន្តរជាតិចំនួន ២៩ បានចុះហត្ថលេខា​លើឯកសារ​កិច្ចសហប្រតិបត្តិការស្តីពី​ការកសាងខ្សែ​ក្រវាត់មួយ និងផ្លូវមួយ​ជាមួយភាគីចិន​ជាបន្ត​បន្ទាប់ ក្លាយទៅជាផលិតផល​សាធារណៈ ដែលត្រូវបានគេ​ទទួលស្វាគមន៍បំផុត ​ក្នុងកិច្ចការអភិបាល​កិច្ចសកលលោក។

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិនធ្លាប់មាន​ប្រសាសន៍ថា តាមរយៈការអនុវត្ត​គម្រោង​ពាក់ព័ន្ធ​នឹងគំនិតផ្តួចផ្តើម​ស្តីពី «ខ្សែក្រវាត់មួយ និងផ្លូវមួយ» អាហ្រ្វិក​ខាងកើតមាន​ផ្លូវល្បឿន​លឿន​ជាលើកដំបូង ប្រទេសម៉ាលឌីវ​មានស្ពានឆ្លងកាត់​សមុទ្រជាលើក​ដំបូង បេឡារុស​មានក្រុមហ៊ុនផលិត​រថយន្តរបស់ខ្លួនជា​លើកដំបូង ផ្លូវដែកពី Mombasa ទៅដល់ Nairobi បានដាក់ឲ្យ​ប្រើប្រាស់នៅ​ប្រទេស​កេនយ៉ា បានផ្តល់ឱកាស​ការងារសម្រាប់​ប្រជាជនក្នុងតំបន់​សរុបជិត ៥​ម៉ឺននាក់ ដែលបានរួមវិភាគទាន​ដល់កំណើន​សេដ្ឋកិច្ច ១.៥​%​។

វិទ្យាស្ថាន Brookings ជាធនាគារគំនិត​ដ៏ល្បីឈ្មោះរបស់​អាមេរិក​បានចេញផ្សាយ​របាយការណ៍មួយ ​កាលពីឆ្នាំ២០១៨​ថា គម្រោង​វិនិយោគ និងអភិវឌ្ឍន៍​របស់ចិនអាច​ជួយដល់កំណើន​សេដ្ឋកិច្ចសកលលោក​ ប្រកបដោយ​បរិយាប័ន្ន​។ របាយការណ៍​នេះបានរកឃើញថា គម្រោង​ជំនួយរបស់ប្រទេស​ចិន សុទ្ធតែបានផ្តល់ផល​ប្រយោជន៍​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់ប្រទេស​នានា ដែលអនុវត្តន៍​គម្រោងនោះ ហើយមិនត្រឹមតែ​ជំរុញភាពរុងរឿង​ថ្កុំផ្កើង​ នៃសេដ្ឋកិច្ចក្នុងតំបន់​ប៉ុណ្ណោះទេ តែវាថែមទាំង​បានផ្តល់ផលប្រយោជន៍​​ដល់តំបន់ជុំវិញ​ផងដែរ​។

ការពិតទាំងអស់នេះបានបញ្ជាក់ថា ទស្សនអភិបាល​កិច្ចពិភពលោកស្តីពី​ការបង្កើតទំនាក់ទំនង​អន្តរជាតិបែបថ្មី ដែលយកកិច្ច​សហប្រតិបត្តិការ និងគោលដៅឈ្នះ-ឈ្នះ​ជាស្នូល និងការបង្កើត​សហគមន៍​រួមវាសនានៃមនុស្សជាតិ​ដែលលើកឡើង​ដោយប្រទេសចិន​ត្រូវបានទទួលការស្វាគមន៍យ៉ាង​ទូលំទូលាយ ពីសំណាក់សហគមន៍​អន្តរជាតិ។ ប្រការ​ទាំង​អស់នេះបានក្លាយ​ជាតម្លៃស្នូល នៃកម្លាំងដឹកនាំ​របស់ប្រទេស​ចិន​លើ​ពិភពលោក។

ដូចអ្វីដែលលោក Jon Clifton ដៃគូប្រតិបត្តិ​នៃទីភ្នាក់ងារស្ទង់មតិ Gallup បានថ្លែងក្នុង​អារម្ភកថា​នៃរបាយការណ៍​ត្រួតពិនិត្យថា បើកម្លាំង​សេដ្ឋកិច្ច និងយោធារបស់ប្រទេស​មួយតំណាង​ឲ្យភាពរឹងមាំរបស់​ប្រទេសមួយនោះ នោះ​ភាពទន់ភ្លន់​របស់ប្រទេស​នោះ ក៏ត្រូវបានឆ្លុះ​បញ្ចាំងផងដែរ។ នៅពេលដែល​ប្រទេសផ្សេងទៀត​ រីករាយដើរតាម​ប្រទេស​មួយនោះ គឺមិនមែន​ដោយសារត្រូវតែ​ធ្វើនោះទេ គឺដោយសារប្រទេស​ផ្សេងទៀត​មានឆន្ទៈដើរ​តាម៕