(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានប្រើសិទ្ធិវេតូប្រឆាំង​នឹង​ដំណោះស្រាយ​ដែលរាំង​ខ្ទប់ការ​ប្រកាសអាសន្ន​ផ្នែកសន្តិសុខ​នៅឯតំបន់​ព្រំដែន ដែលនេះ​គឺជា​ការសម្រេចចិត្តលើក​ដំបូងបំផុត ក្នុងអាណត្តិរបស់​លោក។ នេះបើតាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន​​ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រំា បានប្រើសិទ្ធិវេតូ​នៅក្នុងពិធីចុះ​ហត្ថលេខាមួយ​នៅឯសេតវិមាន​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ ពោលតែ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពីព្រឹទ្ធសភា​អាមេរិក បានបោះឆ្នោតគាំទ្រ​លើដំណោះស្រាយរាំង​ខ្ទប់ការប្រកាសភាព​អាសន្ន​របស់លោក។​ នាឱកាសនោះ​លោក ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «ការសម្រេចចិត្ត​របស់សភា​ គឺនឹងធ្វើឱ្យ​សហរដ្ឋអាមេរិក​ធ្លាក់ក្នុង​គ្រោះ​ថ្នាក់... ដូច្នេះ​ដើម្បីការពារ​សុវត្ថិភាព និងសន្តិសុខ​សម្រាប់ប្រជាជន​អាមេរិកគ្រប់រូប ខ្ញុំសម្រេច​ចិត្តចុះហត្ថលេខា​វ៉េតូនឹង​សេចក្ដីសម្រេច​នេះ»

គួរជម្រាបថា បើតាមប្រធានសភា​អាមេរិកនៃគណបក្ស​ប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) នៅថ្ងៃទី២៦ ខែមីនា​ខាងមុខ សភាអាមេរិក​នឹងបោះឆ្នោតម្ដង​ទៀតជុំវិញការប្រកាស​អាសន្នផ្នែកសន្តិសុខ​របស់លោក​ ដូណាល់ ត្រាំ៕