(ប៉េកាំង)៖ ការសិក្សាស្រាវជ្រាវ​រួមគ្នាមួយ​របស់ក្រុមអ្នកវិទ្យាសាស្ត្រ​ចិន និងសហរដ្ឋអាមេរិក បានរក​ឃើញថា រយៈពេល ៣០ឆ្នាំចុងក្រោយនេះ គឺជា​ពេល​ដែល​​​​អាកាសធាតុក្ដៅ​បំផុត បើគិតក្នុងអំឡុង​ពេល ២,០០០ឆ្នាំកន្លងមកនេះ ដោយសារឥទ្ធិពល​នៃឧស្ម័នផ្ទះ​កញ្ចក់ ដែលបង្កឡើង​​​​ពី​សកម្មភាពមនុស្ស​បន្តិចម្តងៗ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

អស់រយៈពេល​ប្រមាណ ២,០០០ឆ្នាំកន្លងទៅ ប្រព័ន្ធអាកាសធាតុភពផែនដី​បានផ្លាស់​ប្ដូរពីការ​រងផលប៉ះពាល់ដោយសារកត្តា​ធម្មជាតិ​តែ​មួយ​​មុខ​គត់ ទៅជាការរងផល​ប៉ះពាល់​ពីឧស្ម័ន​ផ្ទះកញ្ចក់​ដែលកើតចេញពីសកម្មភាព​មនុស្ស​ថែមទៀត ប៉ុន្តែ​មុនការ​សិក្សា​ស្រាវ​​ជ្រាវ​​ថ្មីនេះកំណត់​ត្រា​​ស្តីពីស្ថានភាពអាកាសធាតុ​នៃភពរបស់យើង គឺមានអាយុកាល​ត្រឹមតែ​១,០០០ប៉ុណ្ណោះ​នៅតាមទ្វីបមួយចំនួន ខណៈ​​ការសិក្សាថ្មីនេះ​អ្នកវិទ្យាសាស្រ្ត​បានទទួល​លទ្ធផល តាមរយៈការស្រាវជ្រាវ​​ទៅលើ​គំរូស្លាកស្នាម​មួយ ដែលប្រមូល​បាន​ពីបឹងមួយ​កន្លែង​​ក្នុង​ខេត្ត យូនណាន (Yunnan) ភាគនិរតីប្រទេសចិន។

បើតាមអ្នកវិទ្យាសាស្រ្ត​នៃក្រុមស្រាវជ្រាវ​ខាងលើ ​តំបន់ខ្ពស់ៗ​គឺងាយ​នឹងទទួលរងឥទ្ធិពលពី​បម្រែបម្រួល​អាកាស ដោយ​កត្តាធម្មជាតិ​ចម្បង​ៗ​គេ ដែលធ្លាប់តែប៉ះពាល់​ដល់អាកាសធាតុគឺ វិទ្យុសកម្ម​របស់ព្រះអាទិត្យ​ ហើយនិងសកម្មភាព​បន្ទុះភ្នំភ្លើង ក៏ប៉ុន្តែមកដល់​ចុងសតវត្សរ៍​ទី ២០ ​ឧស្ម័នផ្ទះកញ្ចក់ដែលកើតឡើង​ចេញពីសកម្មភាព​មនុស្ស បានក្លាយជាមូលហេតុ​ធំជាងគេ​បំផុត នៃការកើនឡើង​សីតុណ្ហភាព​ទូទាំង​ពិភព​លោក។

គួរជម្រាបថា របាយការណ៍​នៃការសិក្សាស្រាវជ្រាវ​ខាងលើ ត្រូវបានចុះផ្សាយ​នៅលើទស្សនាវដ្ដី​អន្តរជាតិ Earth and Planetary Science Letters ស្ដីពីបញ្ហា​ក្នុងខែមីនា ឆ្នាំ២០១៩នេះ។ ការសិក្សាស្រាវជ្រាវ​នេះទៀត ធ្វើឡើងក្រោម​ការដឹកនាំ​ដោយ មន្ទីរពិសោធន៍បរិស្ថានរបស់រដ្ឋចិន (State Key Laboratory of Lake Science and Environment) ដែលសិ្ថតនៅ​ក្រោមគ្រប់គ្រងរបស់​រាជបណ្ឌិតសភាវិទ្យាសាស្ត្រ​ចិន សហការជាមួយអ្នកជំនាញមកពីសាកលវិទ្យា​ល័យ​អាមេរិក Columbia University៕