(វែលីងតោន)៖ មកទល់​ពេលនេះ​តួលេខ​​មនុស្ស​​ស្លាប់​ជា​ផ្លូវ​ការ​​​បាន​កើន​រហូតដល់​ទៅ​​ ៤៩នាក់ និង ៤៨នាក់ទៀត​​រងរបួស នៅក្នុងករណី​​បាញ់ប្រហារ​​ពីរ​​កន្លែងខុសគ្នា នៅក្នុង​ទីក្រុង ក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅ​បណ្តាយ​ឆ្នេរ​ភាគ​ខាង​កើត​​ប្រទេស​នូវែលសេឡង់​នៅក្នុងថ្ងៃសុក្រនេះតែម្តង។

* តើការវាយប្រហារ​ភេវកម្មនៅក្នុង​ទីក្រុង Christchurch កើតឡើង​យ៉ាងដូចម្ដេច?

នៅម៉ោង​ប្រមាណ ១៖៤០នាទីរសៀល (ម៉ោងនៅ​ក្នុងតំបន់) ខ្មាន់កាំភ្លើងបានវាយប្រហារ​លើវិហារ​សាសនាអ៊ីស្លាម​ពីរកន្លែង នៅក្នុងទីក្រុង Christchurch។ ខ្មាន់​កាំភ្លើង​​​​បាន​ចូល​ទៅក្នុងព្រះវិហារ​អ៊ីស្លាម អាល់ ន័រ (AI Noor Mosque) ហើយបានធ្វើ​សកម្មភាព​បាញ់រះ​ដោយប្រើកាំភ្លើង​ស្វ័យប្រវត្តិ​ប្រហែលពី ១០ ទៅ ១៥នាទីឯណោះ ខណៈមនុស្ស​​ប្រហែល ៣០០នាក់កំពុងមាន​វត្តមាន​​នៅទីនោះ។

រីឯ​ព្រះវិហារ​អ៊ីស្លាម​មួយ​ទៀតនៅ​លើ​ដងវិថី លីនវូដ (Linwood) ក៏​បាន​​​រង​ការ​វាយប្រហារ​ពីសំណាក់ជនដៃដល់​ផងដែរ។ ការវាយប្រហារ​ដ៏អាក្រក់នេះកើតឡើង​នៅពេលដែលសាសនិកអ៊ីស្លាម​នាំគ្នាថ្វាយបង្គំ​នៅ​ថ្ងៃសុក្រ។

បន្ថែមពីលើនេះក្រោយការបាញ់​ប្រហារខាងលើ ប៉ូលិសនូវែល​សេឡង់បានឃាត់ខ្លួនមនុស្ស ០៤នាក់ ក្នុងនោះមាន​ស្ត្រីម្នាក់​ផងដែរ ស្របពេលបុរស​សង្ស័យម្នាក់ មាន​ឈ្មោះលើបណ្ដាញ​ទំនាក់ទំនង​សង្គមថា ប្រ៊េនតុន តារ៉ានត៍ (Brenton Tarrant) មាន​អាយុ ២៨ឆ្នាំ​ ដែលបង្ហោះ​សារប្រឆាំង​ជនអន្តោប្រវេសន៍ និងអ្នកកាន់​សាសនា​អ៊ីស្លាម​ត្រូវបានគេ​កំណត់អត្តសញ្ញាណ​ថា ជាជនជាតិ​អូស្ត្រាលី។

* ប៉ូលិសនូវែសេឡង់អះអាងថា ការវាយប្រហារ​នេះមានផែនការទុក​ជាមុនយ៉ាង​ល្អឥតខ្ចោះ

ស្នងការប៉ូលិស​នូវែសេឡង់ លោកមេបញ្ជាការ ម៉ៃក៍ ប៊ូស (Mike Bush) បានអះអាងថា ការវាយប្រហារ​ដោយអំពើភេរវកម្មក្នុងទីក្រុង Christchurch ត្រូវបាន ធ្វើឡើងដោយ​មានការរៀបចំផែនការ​ទុកជាមុន​យ៉ាងល្អ ហើយបច្ចុប្បន្ន​វិហារសាសនាអ៊ីស្លាម​ទាំងអស់ ត្រូវដាក់ក្រោម​ការពារពី ប៉ូលិសមួយ​រយៈពេល​សិន។ ក៏ប៉ុន្តែនៅពេល​ត្រូវបានសួរថា តើហេតុអ្វីបាន​ជាខ្មាន់​កាំភ្លើង មិនស្ថិតនៅក្នុង​បញ្ជីឃ្លាំមើល​របស់​នូវែលសេឡង់ លោក Bush មនុស្ស០៤នាក់ត្រូវបានចាប់ខ្លួន រីឯអ្នកទាំងនេះ​ក៏មិនបានស្ថិតនៅក្រោម​ការឃ្លាំមើល​របស់ អូស្រ្ដាលី​ដែរ។

* បណ្ដាប្រទេស​អ្នកកាន់​សាសនាអ៊ីស្លាម និងប្រទេស​ជាច្រើននាំគ្នា​ថ្កោលទោស​យ៉ាងខ្លាំង

បណ្ដាប្រទេស​អ្នកកាន់សាសនាអ៊ីស្លាម​ជាច្រើនក្នុងនោះ​រួមមាន តួកគី ម៉ាឡេស៊ី និងប៉ាគីស្ថាន ជាដើមបានថ្កោលទោស​យ៉ាងខ្លាំង ចំពោះការ​វាយប្រហារភេវរកម្ម​ទៅលើ​វិហារសាសនាអ៊ីស្លាម​ទាំង ២ នៅក្នុងទីក្រុង Christchurch។ ប្រធានាធិបតី​តួកគី​លោក អឺដូហ្កាន់ បានលើក​ឡើងយ៉ាង​ដូច្នេះថា «ការវាយប្រហារ​ភេវរកម្មនេះ​ គឺជាឧទាហរណ៍​នៃការកើនឡើង​ការរើសអើង​ពូជសាសន៍ និង​ជំងឺខ្លាចអ៊ីស្លាម... ហើយក្នុងនាមតំណាង​ប្រទេស​របស់ខ្ញុំ ខ្ញុំសូមចូលរួម​រំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ប្រជាជន​នូវែលសេឡង់ និងប្រជាជន​អ៊ីស្លាម​នៅទូទាំង​ពិភពលោក។ ដោយឡែក បារាំង​ រុស្ស៊ី អាល្លឺម៉ង់ និងស៊ុយអែត បានសម្ដែង​មរណទុក្ខយ៉ាង​ក្រៀមក្រំ ដល់ប្រទេសនូវែលសេឡង់ផងដែរ។

គួរបញ្ជាក់ថា​ បើតាមប៉ូលិស​នូវែលសេឡង់ បុរសម្នាក់អាយុ ២៨ឆ្នាំឈ្មោះ Brenton Tarrant ខាងលើត្រូវបានចោទ​ប្រកាន់ពីបទមនុស្ស​ឃាត ហើយរូបគេ​នឹងត្រូវបង្ហាញខ្លួន​នៅចំពោះមុខតុលាការ​ទីក្រុង Christchurch នៅព្រឹកថ្ងៃសៅរ៍​ស្អែកនេះ។ រីឯមនុស្ស ០២នាក់ទៀត នៅបន្ត​ជាប់ឃុំនៅឡើយដើម្បីសាកសួរបន្ត។ ជុំវិញហេតុការណ៍​នេះដែរ ក៏មានការចែកចាយ​នូវឃ្លីបវីដេអូ បង្ហាញ​ពីសកម្មភាពបាញ់ប្រហារ​របស់ជនដៃដល់ រួម​ទាំង​​ឯកសារ​ជាច្រើនទំព័រ​​របស់​បុគ្គលរូបនោះ​ផ្ទាល់ ដែលរៀបរាប់​ពី​​ជីវប្រវត្តិ​ក៏ដូចជាមូលហេតុ​នៅពីក្រោយអ្វីដែល​ខ្លួន​គេ​​បាន​ប្រព្រឹត្ត​ផងដែរ៕

ប្រភព៖ CNN (ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩)