(សេអ៊ូល)៖ អនុរដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោកស្រី ជឺ សុន ហ៊ុយ (Choe Son Hui) បាននិយាយថា ទីក្រុងព្យុងយ៉ាង​កំពុងពិចារណា​ផ្អាកកិច្ចចរចាជាមួយ «ពួកយូកូម (ជើងកាង)» ដូចជា​សហរដ្ឋអាមេរិក ហើយអាចនឹង​អនុវត្តន៍គោលនយោបាយ​នុយក្លេអ៊ែររបស់ខ្លួនឡើង​វិញ បើសិនជា​ទីក្រុងវ៉ាស៊ីនតោន​មិនព្រមផ្ដល់សម្បទាន​អ្វីទេនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

ការកត់សម្គាល់​​ខាងលើរបស់​​លោកស្រី Choe Son Hui ត្រូវបានដកស្រង់​សម្ដីដោយទីភ្នាក់ងារ​សារព័ត៌មានរុស្ស៊ី TASS និង Associated Press (AP)។ នៅក្នុង​សម្រង់​សម្ដីនេះ លោកស្រី​ក៏បានបន្ទោស​ទីក្រុងវ៉ាស៊ីនតោន​ផងដែរថា ជាអ្នកទទួល​ខុសត្រូវ លើបរាជ័យ​នៃកិច្ចប្រជុំកំពូល​ក្នុងទីក្រុង​ហាណូយ ប្រទេសវៀតណាម​រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីចុង​ខែកុម្ភៈកន្លងទៅ។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះ​បានគូសបញ្ជាក់ដូច្នេះថា «យើងមិនចង់​ចូលរួមកិច្ច ចរចាដូចដែល​បានធ្វើឡើងនៅទីក្រុង​ហាណូយ​នោះទេ... ប៉ុន្តែយើងចង់​បញ្ជាក់ឱ្យច្បាស់ថា អាកប្បកិរិយា​យូកូមរបស់ សហរដ្ឋអាមេរិក​នឹងធ្វើឱ្យស្ថានភាព​ស្ថិតនៅក្នុង​គ្រោះថ្នាក់»។​

គួរជម្រាបថា កិច្ចប្រជុំកំពូល​រវាងលោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នៅទីក្រុង​ហាណូយ ប្រទេសវៀតណាម កាលពីចុង​ខែកុម្ភៈ​កន្លងទៅ​បានបិទបញ្ចប់​​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វីទាំងអស់ ហើយសហរដ្ឋអាមេរិក​បានអះអាងថា បរាជ័យនេះគឺ​ដោយសារតែការខ្វែង​គំនិតគ្នា លើការដកទណ្ឌកម្មពីទីក្រុង​ព្យុងយ៉ាង។ តែទោះជា​យ៉ាងណា លោក ត្រាំ អះអាង​ថាលោក គីម ជុងអ៊ុន នឹងមិនធ្វើ​តេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរ​ឡើងវិញនោះ​ទេ៕