(ម៉ូស្គូ)៖ ប៉ូលិសនូវែលសេឡង់​បានឲ្យដឹងថា ជនសង្ស័យ០៤នាក់ត្រូវ​បាន​ចាប់ខ្លួន ខណៈមាន​មនុស្ស​ស្លាប់​​ជា​ច្រើននាក់ ​ដោយសារសកម្មភាព​បាញ់ប្រហារ​តាមទីតាំង​ខុសៗគ្នា ក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅតាមបណ្តោយ​ឆ្នេរភាគ​ខាងកើត​​ នៃប្រទេសដី​កោះ​មួយនេះ​។ នេះ​បើតាមការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

​ប៉ូលិសនៃ​ប្រទេសនូវែលសេឡង់​បានបញ្ជាក់​ដូច្នេះថា «យើងចាប់​ខ្លួនបានបុរស ០៣នាក់ និងស្រ្តីម្នាក់ ព្រមទាំងបានរកឃើញ​​គ្រឿងផ្ទុះកែច្នៃមួយ​ចំនួន​ទៀត ។ ខណៈនេះ បើតាមយើងដឹង​មនុស្សស្លាប់​មាន​ចំនួន ០៩​នាក់ នៅ​ទីតាំង​​ចំនួនពីរ​​គឺ​នៅ​ព្រះវិហារអ៊ីស្លាម​លើផ្លូវ ឌីនស៍ (Deans) និងព្រះវិហាអ៊ីស្លាមមួយ​ទៀតលើផ្លូវ លីនវូដ (Linwood) នៃទី​ក្រុង Christchurch​»​​។ ​ប៉ុន្តែប៉ូលិស​​នូវែលសេឡង់​បានបន្ថែមថា ពួកគេមិនទាន់​ប្រាកដនៅ​ឡើយទេថា តើក្រៅពីតំបន់​​ទាំង​ពីរ​នេះ មាន​កន្លែង​​​ណាផ្សេង​ទៀត​ ដែលស្ថិត​ក្រោមការគំរាម​កំហែងដែរ ឬយ៉ាងណា។

បើតាមសេចក្តីរាយការណ៍​ ពីប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក​របស់នូវែលសេឡង់​វិញ មនុស្ស​រហូតដល់ ៣០នាក់ អាច​បាន​​​បាត់​បង់ជីវិត ហើយពី ៤០-៥០នាក់បានរងរបួស នៅក្នុងហេតុការណ៍​បាញ់ប្រហារ​ដ៏កក្រើកនេះ ដែលជារឿង​ដ៏កម្រមួយ​នៅនូវែលសេឡង់ ចាប់តាំងពីប្រទេសនេះបានរឹងបន្តឹង​ច្បាប់ «ទិញ-ប្រើប្រាស់កាំភ្លើង» ​កាលពីឆ្នាំ១៩៩២​។ ​នាយករដ្ឋមន្រ្តី​នូវែលសេឡង់ លោកស្រី ជេស៊ីនដា អាដឺន (Jacinda Ardern) បានចាត់ទុកសោកនាដកម្ម​នេះថា គឺជាថ្ងៃដ៏ងងឹត​សូន្យសុង​​បំផុតមួយ​សម្រាប់ប្រទេស​របស់​លោកស្រី ខណៈការ​ស៊ើបអង្កេត​កំពុងតែបន្ត​ទៅមុខ៕