(ម៉ូស្គូ)៖ របាយការណ៍មួយ​ចេញផ្សាយដោយ​វិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខ​អន្តរជាតិ (ISIS) បានឱ្យដឹងថា តាមការពិតរោងចក្រ​នុយក្លេអ៊ែរ ហ្វ័រដូ (Fordow) ឬគេស្គាល់​ថា អាល់ហ្គាឌឺ (Al Ghadir) របស់អ៊ីរ៉ង់ត្រូវបាន​សាងសង់ឡើងយូរណាស់​មកហើយ មិនដូចដែល ទីក្រុងតេហរ៉ង់​ធ្លាប់អះអាងនោះ​ទេ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

រោងចក្រ Fordow ដែលគេចាត់ទុកថា ជាកន្លែងចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម ដើម្បីផលិតគ្រាប់បែក​នុយក្លេអ៊ែរ ត្រូវបានកសាង​ឡើងកាលពី​ឆ្នាំ២០០៧។ ប៉ុន្តែ​វិទ្យាសា្ថន ISIS មានមូលដ្ឋានក្នុងទីក្រុង​វ៉ាស៊ីនតោន​បានអះអាងថា រោងចក្រនេះមានវត្តមាន តាំងតែពីឆ្នាំ២០០៤ ហើយវាត្រូវចាប់​ផ្ដើមសាងសង់​ដំបូងតាំងពីឆ្នាំ២០០២ មកម្ល៉េះ។

គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ Fordow ត្រូវបានគេរកឃើញជាលើកដំបូងនៅឆ្នាំ២០០៩ ហើយរបក​គំហើញ​នេះឯង បានជម្រុញ​ឱ្យសហរដ្ឋអាមេរិក​​ប្រមូលកម្លាំង​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​អ៊ីរ៉ង់ រហូតដល់​​បង្កើតចេញ​ជា​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥ ប៉ុន្តែវាត្រូវ​បានអាមេរិក​​ដកខ្លួន​​ចេញវិញ នៅក្នុ​ងរដ្ឋបាល​លោក ដូណាល់ ត្រាំ។​ ចំណែក​ឯ​ទីក្រុងតេហេរ៉ង់​បានបដិសេធ​ថា ខ្លួនគ្មានបំណងប្រើរោងចក្រនេះ​ក្នុងការផលិតអាវុធនុយក្លេអ៊ែរ​នោះទេ ពោលគឺសម្រាប់​ផលិតថាមពល​អគ្គិសនី តាមរយៈថាមពលនុយក្លេអ៊ែរតែប៉ុណ្ណោះ៕