(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានឱ្យដឹងថា សេវាកម្មទាំងអស់របស់ខ្លួន​ក្នុងនោះ​រួមមាន Facebook, Instagram រួមទាំង WhatsApp បានដំណើរការជា​ប្រក្រតីឡើងវិញ​ហើយ បន្ទាប់ពីមាន​បញ្ហាគាំង​ជាសកល ដែលបង្កជាការព្រួយបារម្ភ និងងឿងឆ្ងល់ផងដែរ​នោះ។ នេះបើ​តាមការចេញ​ផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។ 

តាមរយៈគណនី Twitter របស់ខ្លួននៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ពេលវេលា​នៅ​អាមេរិក) ក្រុមហ៊ុន Facebook បានលើក​ឡើង​យ៉ាងដូច្នេះថា «បច្ចុប្បន្ន​បញ្ហាទាំងអស់​ត្រូវបាន​ដោះស្រាយ ហើយប្រព័ន្ធ​របស់យើងក៏ដំណើរការ​ជាប្រក្រតី​ឡើងវិញដែរ... យើងពិត​ជាសូមទោស​ចំពោះ​បញ្ហា​ដែល​កើតឡើង និងសូមអរគុណ​ដល់ការអត់ធ្មត់​ពីអ្នក​គ្រប់គ្នា»។ សម្រាប់ភាព​​រអាក់រអួលទ្រង់ទ្រាយ​ធំបែបនេះ គឺមិនធ្លាប់កើត​មាននោះឡើយ​គិតចាប់តាំង​ពីឆ្នាំ២០០៨។

គួរជម្រាបថា កាលពីថ្ងៃពុធ​អ្នកប្រើប្រាស់បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook នៅទូទាំងពិភពលោក​បានរាយការណ៍​ថា ពួកគេគេមាន​បញ្ហាចូលក្នុងគណនី​របស់ពួកគេ ព្រមទាំងមិន​អាចស៊ែរជាដើម ស្របពេលអ្នកខ្លះ​ទៀតអះអាងថា គឺគាំងបង្ហោះ​មិនកើត​តែម្ដង ខណៈ​ប្រព័ន្ធដំណើរការ​មួយចំនួន​ទៀត ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គមយក្ស​នេះ​តែងតែ​ប្រើប្រាស់​ប្រចាំ​​ថ្ងៃបាន​គាំង ឬដំណើរការខុសប្រក្រតីជាលក្ខណៈសកល៕