(ហ្គាហ្សា)៖ កងយន្តហោះ​ចម្បាំងអ៊ីស្រាអែល បានបើកការវាយសង្គ្រប់​ទៅលើ​មូលដ្ឋាន​ក្រុម​សកម្មប្រយុទ្ធក្នុងទឹកដីហ្គាហ្សាស្ទ្រីព នៅវេលា​ទៀបភ្លឺថ្ងៃសុក្រនេះ​តែម្តង បន្ទាប់ពីគ្រាប់​រ៉ុក្កែត​ពីរគ្រាប់​​បានធ្លាក់មក​លើ​ទឹកដី​ទីក្រុង​តែលអាវីវ (Tel Aviv) នៃភាគ​កណ្តាល​​ប្រទេស​អ៊ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើតាម​ការចេញ​​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

តាមប្រព័ន្ធផ្សព្វ​ផ្សាយរបស់អ៊ីស្រាអែល​ កងយន្តហោះ​​ចម្បាំងខាងលើនេះ​រួមមាន​ដូចជា​យន្តហោះដ្រូន ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ចម្បាំង F-16 ផងដែរ បានធ្វើ​ការ​ហោះពីលើ​ដែនដី​នៃតំបន់ហ្គាហ្សា ដើម្បី​ស្វែងរកមូលដ្ឋាន​នៃក្រុម​​សកម្មប្រយុទ្ធ ដែលបាន​បាញ់​គ្រាប់រ៉ុក្កែត​​ចំនួនពីរគ្រាប់ធ្លាក់មកលើ​ទីក្រុង Tel Aviv របស់​អ៊ីស្រាអែល ដែលស្ថិត​នៅជាប់​ឆ្នេរសមុទ្រ ប៉ុន្តែមិនបាន​បង្កការខូចខាត ឬ​មនុស្សរង​គ្រោះនោះ​ឡើយ។

គួរបញ្ជាក់ថា ការ​វាយប្រហារ​ដោយ​គ្រាប់រ៉ុក្កែត​មកលើ​ដែនដីទីក្រុង Tel Aviv នេះ​គឺជារឿង​ដែលមិនធ្លាប់កើត​មានឡើយគិតចាប់តាំងពីឆ្នាំ២០១៤។ ដោយឡែក​​ចំពោះ​ការ​​វាយប្រហារ​សងសឹកវិញ​ពីសំណាក់អ៊ីស្រាអែល​នោះ សាក្សី​ដែលបានឃើញ​ហេតុការណ៍ផ្ទាល់ភ្នែក​បញ្ជាក់ថា យន្តហោះ​អ៊ីស្រាអែល​បាន​ធ្វើការទម្លាក់​គ្រាប់បែក​លើទីតាំង​មួយចំនួន ដែល​បង្កឲ្យ​មានការផ្ទុះ និងផ្សែងខ្មៅងងឹត​ហុយឡើង​លើមេឃតែម្តង ប៉ុន្តែពុំមាន​ការបញ្ជាក់​ថា មាន​មនុស្សរង​គ្រោះដែរ ឬយ៉ាងណា​នោះ​ឡើយ៕