(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងពិចារណាចាប់ផ្តើមការធ្វើតេស្ត​ប្រព័ន្ធមីស៊ីល ដែលត្រូវបានហាមឃាត់​ក្រោម​សន្ធិសញ្ញា​នុយក្លេអ៊ែរ INF ក្នុងឆ្នាំនេះតែម្តង ពោលគឺក្រោយការដកខ្លួនចេញពីផុតពីសន្ធិសញ្ញានេះជាមួយរុស្ស៊ី។ នេះបើតាមសេចក្តី​រាយ​ការណ៍របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

ប្រព័ន្ធមីស៊ីលទាំងនោះត្រូវគេរំពឹងថាជា មីស៊ីលប្រភេទ Cruise ហោះហើរ​កម្រិតទាប ដែលមានចម្ងាយ​ធ្វើដំណើរ​ប្រមាណជា​១,០០០គីឡូ​ម៉ែត្រ និង​មីស៊ីលផ្លោង​ដែលមានសមត្ថភាពហោះហើរក្នុងរង្វង់ចម្ងាយ៣,០០០ទៅ៤,០០០គីឡូម៉ែត្រ ដោយ​នៅ​ក្នុង​នោះ​​ Cruise Missile នឹងត្រូវ​ធ្វើការសាកល្បង​នៅខែសីហា ឆ្នាំនេះ។

គួរជម្រាបថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីដើមខែមុនថា ទីក្រុងវ៉ាស៊ីនតោន​នឹងដកខ្លួន​ចេញ​ពី​សន្ធិ​សញ្ញា​ហាមឃាត់អាវុធនុយក្លេអ៊ែរ Intermediate-Range Nuclear Forces ហៅកាត់ថា INF ក្នុងរយៈពេល​០៦​ខែ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី០២ ខែកុម្ភៈ។ រីឯក្នុងខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចេញបទបញ្ជា​ឲ្យ​ផ្អាក​នូវ​រាល់​កាតព្វ​កិច្ចដែល​រុស្ស៊ី​ត្រូវ​អនុវត្តន៍​នៅ​ក្រោមសន្ធិសញ្ញា INF ភ្លាមៗតែម្តងផងដែរ។ សន្ធិសញ្ញា INF ហាមឃាត់លើរាល់មីស៊ីលបាញ់ពីផ្ទៃដីដែលមានរយៈ​ចម្ងាយ​ធ្វើ​ដំណើរ​ចាប់​ពី​៥០០រហូតដល់៥,៥០០គីឡូម៉ែត្រ៕