(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឱ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរពីរគ្រឿងឈ្មោះ Kazan និង Knyaz នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការជាផ្លូវការសម្រាប់កងនាវារុស្ស៊ីនៅមុនដំណាច់ឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នា​យប់ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

លោក Sergei Shoigu ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Severodvinsk ក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «នាវាមុជទឹកនុយក្លេអ៊ែរថ្មីទាំង២គ្រឿងនឹងត្រូវចូលរួម​ជាមួយ​កង​នាវា​​រុស្ស៊ី​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៩​នេះ... ហើយវាក៏នឹងជួយយើងផងដែរក្នុងការពង្រឹងសមត្ថភាពការពារជាតិ និងឥទ្ធិ​ពល​រុស្ស៊ី​នៅ​ឯ​តំបន់​មហា​សមុទ្រ​នៅ​លើពិភពលោក»

គួរបញ្ជាក់ថា នាវាមុជទឹក Kazan ត្រូវចាប់ផ្ដើមផលិតកាលពីឆ្នាំ២០០៩ និងត្រូវបានដាក់ដំណើរការសាកល្បងនៅឆ្នាំ២០១៧។ ចំណែកឯ ការផលិតរបស់ Knyaz​ វិញចាប់ផ្ដើមឡើងកាលពីឆ្នាំ២០១២ ហើយដំណើរការសាកល្បងនៅឆ្នាំ២០១៧ដូចគ្នា៕