(ញូដេលី)៖ ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា SpiceJet បានឱ្យដឹងថា នឹងទាមទារសំណងពីក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing បន្ទាប់ពីខ្លួន​ត្រូវបាន​អាជ្ញាធរអាកាសចរណ៍​ស៊ីវិលឥណ្ឌា បង្ខំឱ្យផ្អាកប្រតិបត្តិការ​ហោះហើររបស់​យន្ដហោះ Boeing 737 Max ជា​បណ្ដោះ​អាសន្ន។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេចចិត្តចូលរួមជាមួយប្រទេស​ច្រើនជាង ៥០ ក្នុងការបិទដែន​អាកាសសម្រាប់​យន្ដហោះ Boeing 737 Max នៅថ្ងៃពុធ​សប្ដាហ៍នេះ បន្ទាប់ពីមាន​គ្រោះថ្នាក់ធ្លាក់យន្ដហោះ​ប្រភេទនេះ​ ដែលបានផ្ដាច់ជីវិតមនុស្ស ១៥៧នាក់ នៅអេត្យូពី​កាលពីថ្ងៃអាទិត្យ​កន្លងទៅ។ ម្យ៉ាងទៀត ក្រោយការសម្រេចចិត្តនេះ ក្រុមហ៊ុន​អាកាសចរណ៍ SpiceJet ក៏ត្រូវបង្ខំចិត្ត​ធ្វើតា​ម​បទបញ្ជានេះដែរ ប៉ុន្តែបានបញ្ជាក់​ជំហរថា នឹងទាមទារ​សំណង​ពីក្រុមហ៊ុន Boeing តាមរយៈសំណើ​ឥណទានលើ​ការថែទាំ ការជួសជុល និងផ្អាក​ការហោះហើរ​របស់ Boeing 737 Max ចំនួន ​១២គ្រឿងរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រអប់ខ្មៅទាំង​ពីរ​នៃយន្ដហោះ Boeing 737 MAX របស់​ក្រុមហ៊ុន Ethiopian Airlines ដែលធ្លាក់នៅ​ឯ​ប្រទេសអេត្យូពី ​ត្រូវបានបញ្ជូនទៅ​កាន់​ទីក្រុងប៉ារីស នៃប្រទេសបារាំង​​ហើយ ដើម្បីធ្វើ​ការវិភាគ និងស៊ើបអង្កេត​លើមូលហេតុ​ពិតប្រាកដដែល​បាន​ធ្វើ​ឱ្យយន្ដហោះ​ដ៏ទំនើប​មួយនេះធ្លាក់ និងផ្តាច់ជីវិត​មនុស្ស ១៥៧នាក់ ខណៈមាន​ការសន្និដ្ឋាន​បឋមថា វាអាចមូលហេតុ​ដូច​ទៅនឹងការធ្លាក់​យន្តហោះ​នេះ​នៅឥណ្ឌូណេស៊ី​កាលពី​ខែតុលា ឆ្នាំ២០១៨ ដែលបាន​ផ្តាច់ជីវិត​មនុស្ស ១៨៩នាក់៕