(ហាណូយ)៖ ជំងឺប៉េសជ្រូក​អាហ្វ្រិក (African Swine Fever) ឬក៏ជំងឺផ្តាសាយ​ជ្រូកអាហ្វ្រិក បានរីករាលដាល​ដល់ខេត្ត ង៉េអាន (Nghe An) នៃភាគកណ្ដាលប្រទេសវៀតណាមហើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

យោងតាម​សារព័ត៌មាន​វៀតណាម ណុងងៀប (Nong Nghiep Viet Nam) បន្ទាប់ពីការរីកសាយ​ជំងឺប៉េសជ្រូកអាហ្វ្រិក ឬ ASF នៅក្នុងស្រុក គុយលូ (Quynh Luu) ជ្រូកទាំង ២២ក្បាល​ត្រូវបានគេយកទៅសម្លាប់ និងកម្ទេចយ៉ាងប្រយ័ត្នប្រយែង​ ដើម្បីបង្ការការឆ្លងទៅដល់មនុស្ស។ ដោយឡែក​កាលពីថ្ងៃពុធ​អាជ្ញាធរវៀតណាម​ផ្ទាល់បានបញ្ជាក់ថា សត្វជ្រូកដែល​កើតជំងឺនេះ ក៏ត្រូវបានគេរក​ឃើញនៅក្នុងតំបន់​ចំនួន ១៤ នៃទីក្រុង​ហាណូយ​ផងដែរ។

គួរបញ្ជាក់ថា មកទល់នឹង​ពេលបច្ចុប្បន្ន ជំងឺប៉េសជ្រូក​អាហ្វ្រិកបានកើតនៅ​ក្នុងប្រទេសចំនួន ២០ ហើយបើតាម អង្គការសុខភាព​ពិភពលោក វីរុសនេះមិនទាន់មាន​វ៉ាក់សាំងព្យាបាលនៅ​ឡើយទេ។ ដោយឡែកនៅប្រទេសវៀតណាម​វិញ បណ្តាខេត្តជាច្រើន​ជាពិសេស​ពីភាគ​កណ្តាល​ដល់ភាគខាងជើង​រួមទាំងទីក្រុង​ហាណូយ សុទ្ធតែបាន​ផ្ទុះជំងឺនេះជាបន្ត​បន្ទាប់ នាំឲ្យប្រទេស​ជាច្រើន ប្រកាស​បញ្ឈប់ការនាំចូលជ្រូក​ពីវៀតណាម​ជាបណ្តោះអាសន្ន៕