(វ៉ាស៊ីនតោន)៖ ប្រអប់ខ្មៅទាំង​ពីររបស់យន្ដហោះ Boeing 737 MAX ដែលធ្លាក់នៅ​ឯប្រទេសអេត្យូពី​ត្រូវបានបញ្ជូនទៅកាន់​ទីក្រុងប៉ារីស នៃប្រទេសបារាំង​ហើយ ដើម្បីធ្វើ​ការវិភាគ និងស៊ើបអង្កេត​មូលហេតុពិតប្រាកដ ដែលបានធ្វើ​ឱ្យយន្ដហោះដ៏ទំនើប​មួយនេះធ្លាក់ និងផ្តាច់ជីវិតមនុស្ស ១៥៧នាក់។ នេះ​បើតាម​ក្រុមហ៊ុន Ethiopian Airlines ដកស្រង់ចេញ​ផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន Ethiopian Airlines បានបញ្ជាក់ថា ប្រតិភូអេត្យូពី​មួយក្រុមដឹកនាំ​ដោយក្រុមអ្នកស៊ើបអង្កេត​លើករណីធ្លាក់​យន្ដហោះនេះ បាននាំយក​ប្រអប់ខ្មៅទាំងពីរចេញពីទីក្រុង អេដឌីស អាបាបា (Addis Ababa) ទៅកាន់ទីក្រុងប៉ារីស​ ដើម្បីធ្វើការស៊ើប​អង្កេត​ហើយ។ ចំណែកឯ ក្រុមអ្នកជំនាញបារាំងវិញក៏បានអះអាងដែរថាពួកគេ នឹងវិភាគលើប្រអប់ខ្មៅទាំង២នេះ ដែលមានមួយស្ដុកទុកទិន្នន័យ និងមួយទៀតស្ដុកទុកសំឡេង។

គួរបញ្ជាក់ថា ក្រោយសោកនាដកម្ម​ធ្លាក់​យន្ដហោះ Boeing 737 MAX 8 នៅអេត្យូពី​កាលពីថ្ងៃអាទិត្យប្រទេស​ជាច្រើនរួមទាំងសហរដ្ឋអាមេរិក ​បានសម្រេចចិត្តផ្អាក​ជាបណ្ដោះអាសន្ន​ នូវប្រតិបត្តិការ​យន្ដហោះ​​ត្រកូល 737 MAX ខណៈការ​សន្និដ្ឋានបឋម​បង្ហាញថា យន្ដហោះនេះបានធ្លាក់​ដោយសារជួបបញ្ហាបច្ចេកទេស ដែលស្រដៀងគ្នា​ទៅការធ្លាក់យន្ដហោះ​ប្រភេទនេះ​នៅឥណ្ឌូណេស៊ី ដោយផ្ដាច់​ជីវិតមនុស្ស ១៨៩នាក់ កាលពី​ខែតុលា ឆ្នាំ២០១៨។

យន្ដហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុន Ethiopian Airlines បានធ្លាក់កាល​ពីថ្ងៃអាទិត្យ នៅពេលហោះ​ឡើងបានតែបន្តិចចេញពីទីក្រុង Addis Ababa ប្រទេសអេត្យូពី សំដៅទៅកាន់ប្រទេស​កេនយ៉ា។ សោនាដកម្ម​នេះបានសម្លាប់មនុស្សសរុប ទាំងអស់ ១៥៧នាក់ និងបង្កឲ្យ​វិស័យ​អាកាសចរណ៍​ជា​សកល​រងភាព​រង្គោះរង្គើខ្លាំង៕