(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក​នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ​បានធ្វើការអនុម័តលើសេចក្តីព្រាងដំណោះ​ស្រាយមួយ ដើម្បីបិទបញ្ចប់ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់សង្រ្គាមដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅ​យេម៉ែន​​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

សេចក្តីព្រាងដំណោះស្រាយខាងលើនេះ ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តក្នុងសំឡេង​គាំទ្រ​៥៤​ទល់នឹងសំឡេងប្រឆាំង​៤៦ ​ដោយវាមានគោលដៅបិទបញ្ចប់រាល់​ការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងបញ្ហាសង្រ្គាមដែលមានអារ៉ាប៊ីសាអូឌីតជាអ្នក​ដឹកនាំ នៅក្នុងប្រទេសយេម៉ែន។

ការគាំទ្រទាំងនោះ រួមទាំងទាំងការផ្តល់ជួយក្នុងការកំណត់គោលដៅ សម្រាប់ប្រតិបត្តិការ​ផ្លូវ​អាកាសអារ៉ាប៊ីសាអូឌីត និងការ​ផ្តល់​សេវា​កម្ម​ចាក់សាំងលើផ្ទៃអាកាសឲ្យយន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីតជាដើម។ នាពេលនេះ សេចក្តីព្រាងដំណោះស្រាយ​ខាងលើ នឹងត្រូវឆ្លងកាត់ការសម្រេចពីសភាតំណាងរាស្រ្តអាមេរិកវិញម្តង។

គួរជម្រាបថា សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមផ្តល់ការជួយជ្រោមជ្រែង​ដោយ​ស្ងាត់ៗ ដល់​ក្រុមយោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅឆ្នាំ២០១៦ តាមរយៈការផ្តល់នូវព័ត៌មាន​សម្ងាត់​ ការលក់សព្វាវុធ និងការចាក់សាំងយន្តហោះជាដើម ប៉ុន្តែជំហរគាំទ្រ​នេះ​បានប្រែប្រួល ចាប់តាំងពីមានផ្ទុះករណីឃាតកម្មលើ​អ្នក​កាសែត Jamal Kashoggi៕