(វ៉ាស៊ីនតោន)៖ រដ្ឋបាល​សហព័ន្ធអាកាសចរណ៍​អាមេរិក (FAA) បានឱ្យដឹងថា មូលហេតុនៅពីក្រោយ​គ្រោះថ្នាក់ធ្លាក់​យន្ដហោះ Boeing 737 MAX 8 នៅឯប្រទេសអេត្យូពី​កាលពីថ្ងៃអាទិត្យ​សប្ដាហ៍មុន អាចមានលក្ខណៈស្រដៀងគ្នា​ទៅនឹងគ្រោះថ្នាក់ ធ្លាក់យន្ដហោះ​ប្រភេទនេះនៅឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ២០១៨ នោះគឺដោយសារ​បញ្ហា​បច្ចេកទេស។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដី​ថ្លែងការណ៍របស់ខ្លួនចេញផ្សាយ​នៅថ្ងៃពុធ​សប្ដាហ៍នេះ (ពេលវេលានៅ​អាមេរិក) រដ្ឋបាលសហព័ន្ធ​អាកាសចរណ៍​អាមេរិក បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ទិន្នន័យបាន​មកពីផ្កាយរណប​ចាប់សញ្ញា នៃផ្លូវហោះហើរ​របស់ Boeing 737 MAX 8 បាន​បញ្ជាក់ពីភាព​ស្រដៀងគ្នានៃ​មូលហេតុធ្លាក់​យន្ដហោះ​នៅអេត្យូពី និងឥណ្ឌូណេស៊ី... ប៉ុន្តែការសន្និដ្ឋានបឋម​នេះ ត្រួវការ​ការស្វែង​យល់បន្ថែម​នៅឡើយ»

គួរជម្រាបថា គ្រោះថ្នាក់ធ្លាក់​យន្ដហោះនៅអេត្យូពីផ្ដាច់ជីវិត​មនុស្ស ១៥៧នាក់ គឺជាគ្រោះមហន្តរាយ​​លើកទីពីរហើយ​ ដែលមាន​ពាក់ព័ន្ធ​នឹង​យន្តហោះ Boeing 737 MAX 8 ដោយកាលពី​​ខែតុលា ឆ្នាំ២០១៨ យន្តហោះប្រភេទនេះ​របស់​អាកាសចរណ៍​​ក្នុងស្រុក Lion Air ​បានធ្លាក់នៅ​សមុទ្រ​ជ្វា ក្រោយ​ហោះហើរ​បានតែបន្តិច​ដូចគ្នាចេញពី​អាកាសយានដ្ឋាន​ក្នុងរដ្ឋធានី​​ហ្សាការតា និងបានសម្លាប់​​​ជិវិតមនុស្សទាំង​អស់​​​​គឺជាង ១៨០នាក់។

បន្ថែមពីលើនេះ ក្រោយសោកនាដកម្ម​នៅអេត្យូពីបណ្ដាប្រទេស​ច្រើនជាង ៥០ ក្នុងនោះរួមមាន​ទាំងសហរដ្ឋអាមេរិក បាន​សម្រេចចិត្តផ្អាក​ប្រតិបត្តិការហោះហើរ​របស់​យន្ដហោះ Boeing ត្រកូល 737 MAX ជាបណ្ដោះ​អាសន្ន ខណៈក្រុមហ៊ុន​ផលិតយន្ដហោះ​អាមេរិក Boeing ត្រូវបានគេរំពឹងថា នឹងខាតប្រាក់រាប់​ពាន់លានដុល្លារពី​ការផ្អាក​នេះ៕