(វ៉ាស៊ីនតោន)៖ សោកនាដកម្មធ្លាក់យន្ដហោះ Boeing 737 MAX 8 ផ្ដាច់ជីវិតមនុស្ស១៥៧នាក់ នៅឯប្រទេសអេត្យូពី កំពុងបង្កឱ្យ មានការចោទសួរជាសំណួរជាច្រើនពាក់ព័ន្ធនឹងសុវត្ថិភាពនៃយន្ដហោះត្រកូល 737 MAXនេះ ដែលជាយន្ដហោះទំនើបបំផុតមួយ របស់ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing។

គ្រោះថ្នាក់ធ្លាក់យន្ដហោះនៅអេត្យូពី គឺជាគ្រោះមហន្តរាយ​លើកទីពីរហើយ ដែលមានពាក់ព័ន្ធ​នឹងយន្តហោះ Boeing 737 MAX 8 ដោយកាលពី​ខែតុលា ឆ្នាំ២០១៨ យន្តហោះប្រភេទនេះ របស់​អាកាសចរណ៍​ក្នុងស្រុក Lion Air ​បានធ្លាក់នៅ​សមុទ្រជ្វាក្រោយ ហោះហើរ​បានតែបន្តិច​ដូចគ្នាចេញពីអាកាសយានដ្ឋាន​ក្នុងរដ្ឋធានី​ហ្សាការតា និងបានសម្លាប់​​ជិវិតមនុស្សទាំង​អស់​​​គឺជាង១៨០នាក់។

* តើអ្វីទៅជាយន្ដហោះ Boeing 737 Max?

Boeing 737 Max គឺជាយន្ដហោះដ៏ទំនើប និងជាផលិតផលដ៏ជោគជ័យបំផុតមួយរបស់ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing នៃត្រកូល 737 ដែលមានដូចជា 737 Max 7, 8, 9 និង 737 Max 10។ ប៉ុន្តែគេសង្កេតឃើញ យន្ដហោះ Boeing 737 Max 8 ហាក់ដូចជាមានប្រជាប្រិយភាពជាងគេក្នុងចំណោមយន្ដហោះត្រកូល 737 Max ដោយវាទទួល បានការបញ្ជាទិញជាង៥,០១១គ្រឿងពីអតិថិជនចំនួន៧៩ នៅទូទាំងពិភពលោក ខណៈ៣៥០គ្រឿងត្រូវបានប្រគល់ដល់ដៃអតិថិជន ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការជាផ្លូវកាលពីឆ្នាំ២០១៧។

Boeing 737 Max 8 មួយគ្រឿងមានតម្លៃ១២១.៦លានដុល្លារ និងមានកៅអីអង្គុយអតិបរាម៉ា២១០នាក់,ប្រវែង ៣៩.៥២ម៉ែត្រ, មានប្រវែងស្លាប៣៥.៩ម៉ែត្រ ព្រមទាំងអាចហោះបានក្នុងចំងាយផ្លូវ៦៥៧០គីឡូម៉ែត្រ ដោយប្រើប្រាស់ម៉ាស៊ីន LEAP-1B from International។ ចំណែកឯ ត្រកូលដទៃដូចជា៖

MAX 7: មានតម្លៃ៩៩.៧លានដុល្លារ
MAX 9: ១២៨.៩លានដុល្លារ
MAX 10: ១៣៤.៩លានដុល្លារ

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ​កន្លងទៅ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍​ប្រទេស​អេត្យូពី Ethiopian Airlines បានធ្លាក់​នៅប៉ុន្មាននាទី​ក្រោយហោះចេញពីព្រលាន​យន្តហោះ​ក្នុងរដ្ឋធានី Addis Ababa របស់អេត្យូពីរ ដោយបានផ្តាច់​ជីវិតមនុស្ស​ទាំង​ ១៥៧នាក់ ដែល​ជិះនៅលើនោះ។

ក្រោយសោកនាដកម្មនៅអេត្យូពី ប្រទេសជាច្រើនបានផ្អាកការ​ហោះហើរ​ ឬ​ក៏​បិទដែនអាកាស​សម្រាប់​យន្តហោះ​ម៉ូដែលនេះ ដោយក្នុងនោះរួមមានចិន រុស្ស៊ី កូរ៉េខាងត្បូង ម៉ុងហ្គោលី ឥណ្ឌា អូស្រ្តាលី សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម លីបង់ អេមីរ៉ាត់អារ៉ាប់រួម អេត្យូពី ប្រេស៊ីល ម៉ិចស៊ីកូ អាហ្សង់ទីន នូវែលសេឡង់ អូម៉ង់ តួកគី គុយវែត អាហ្រ្វិក​ខាងត្បូង ហ្វីជី ព្រមទាំងអឺរ៉ុបជាដើម ដោយប្រមាណជាមួយភាគបីនៃ Boeing 737 MAX 8 ត្រូវបានបញ្ឈប់​ប្រតិបត្តិការ​បណ្តោះ​​អាសន្ន។

ដោយឡែក ក្រុមអ្នកជំនាញមកពីធនាគារវិនិយោគ Jefferies បាននិយាយថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing អាចនឹងខាតប្រាក់៥.១ពាន់លានដុល្លារ ដោយសារតែការផ្អាកប្រតិបត្តិការហោះហើរយន្ដហោះ 737 MAXនេះ ស្របពេលការបញ្ជា ទិញយន្ដហោះ 737 MAX 8 ជាង៥,០១១គ្រឿង កំពុងប្រឈមមុខនឹងហានិភ័យនៃការលុបចោល៕