(បរទេស)៖ ទិន្នន័យ​ពីវែបសាយ​តាមដានជើងហោះហើរ​​ជុំវិញ​ពិភពលោក Flightradar24 បាន​បង្ហាញថា នាពេលនេះ​សហរដ្ឋអាមេរិក ​និង​កាណាដា គឺជាប្រទេស​តែពីរគត់ ដែលនៅ​មាន Boeing 737 MAX 8 ហោះហើរ​​ក្នុងដែនអាកាស​របស់ខ្លួន ខណៈ​​​អាជ្ញាធរ​ក៏ដូចជាក្រុមហ៊ុន​អាកាសចរណ៍​នៅតាមប្រទេស​ជាច្រើន បានសម្រេចផ្អាក​ប្រតិបត្តិការ និងហាមឃាត់​ម៉ូដែល​យន្តហោះមួយនេះមិនឲ្យហោះ​ទៅប្រទេសពួកគេឡើយ ដោយ​សារតែ​​ការធ្លាក់​ពីរករណី​កន្លង​មកនេះក្នុងកំឡុងពេល ៥ខែ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី ​Sputnik នៅ​ល្ងាច​ថ្ងៃ​ពុធ ទី១៣ ខែមីនា​ ឆ្នាំ២០១៩។

មកទល់​ឥឡូវនេះ គឺមានតែក្រុមអាកាសចរណ៍​ចំនួន ០៤ប៉ុណ្ណោះ គឺ American Airlines និង Southwest Airlines របស់អាមេរិក ព្រមទាំង Air Canada និង Westjet របស់កាណាដា ដែលនៅបន្តធ្វើ​ប្រតិបត្តិការ​ហោះហើរ​​ Boeing 737 MAX 8។ គិតត្រឹម​ខែមករា ឆ្នាំ២០១៩ យន្តហោះ MAX 8 ប្រហែល ៣៥០គ្រឿង ត្រូវបាន​ប្រគល់ឲ្យ​អាកាសចរណ៍​នានា​នៅទូទាំង​​ពិភព​លោក។

ទោះបីជា​អាកាសចរណ៍ដែលមានយន្តហោះ​ម៉ូដែលនេះ ព្រមទាំងអាជ្ញាធរ​អាកាសចរណ៍​ភាគច្រើន បានសម្រេចចិត្ត​​​ហាមឃាត់​មិនឲ្យពួកវា​ហោះហើរក្នុងដែន​​អាកាស​ ឬក៏លែងអនុញ្ញាត​យន្តហោះ MAX 8 ឡើងនិងចុះនៅ​លើទឹកដី​​របស់ពួកគេ​ក៏​ដោយ​​ក្តី ក៏អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍​អាមេរិក នៅតែជ្រើសរើស​បន្ត​​ធ្វើប្រតិបត្តិការ​យន្តហោះនេះ​ជាធម្មតា ខណៈប្រទេសអាកាសចរណ៍​ក្នុងប្រទេសសរុបជិត ៥០ បាន​ចេញបម្រាមឲ្យបញ្ឃរជើងយន្តហោះប្រភេទនេះ គិតត្រឹមល្ងាចថ្ងៃពុធ ទី១៣ ខែមីនា (ពេលវេលា​នៅ​អាស៊ីអាគ្នេយ៍)។

ជាក់ស្តែង​គោលជំហររបស់អាជ្ញាធអាកាសចរណ៍​អាមេរិក បានបង្កឲ្យមាន​ការរិះគន់តវ៉ាពី​អ្នក​នយោបាយ រួមនិង​អ្នក​ដំណើរ​ក៏​ដូច​ជា​បុគ្គលិក ​នៃបណ្តាក្រុមហ៊ុនអាកាសចរណ៍​ផ្ទាល់។ ​ក្រៅពី​សហរដ្ឋអាមេរិក កាណាដាដែលជា​អ្នកជិតខាងគ្នា គឺជាប្រទេស​​មួយទៀត ដែលបាន​សម្រេចមិនព្រមបញ្ឈរជើង​​យន្តហោះ Boeing 737 MAX 8 នោះឡើយ។

គួរជម្រាបថា ក្រោយការធ្លាក់​យន្តហោះ Boeing 737 MAX 8 ដល់ទៅ ០២ករណី ក្នុងរយៈពេលមិន​ដល់កន្លះឆ្នាំពីគ្នាផងនោះ ​និង​ផ្តាច់ជីវិតមនុស្ស​ទាំងអស់ៗរាប់រយនាក់ ​អាកាសចរណ៍ និងរដ្ឋាភិបាលនៅជុំវិញ​ពិភពលោក បានចាប់ផ្តើមផ្អាកការ​ហោះហើរ​ ឬ​ក៏​បិទដែនអាកាស​សម្រាប់​យន្តហោះ​ម៉ូដែលនេះ ដោយក្នុងនោះរួមមានចិន រុស្ស៊ី កូរ៉េខាងត្បូង ម៉ុងហ្គោលី ឥណ្ឌា អូស្រ្តាលី សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម លីបង់ អេមីរ៉ាត់អារ៉ាប់រួម អេត្យូពី ប្រេស៊ីល ម៉ិចស៊ីកូ អាហ្សង់ទីន នូវែលសេឡង់ អូម៉ង់ តួកគី គុយវែត អាហ្រ្វិក​ខាងត្បូង ហ្វីជី ព្រមទាំងអឺរ៉ុបជាដើម ដោយប្រមាណជាមួយភាគបីនៃ Boeing 737 MAX 8 ត្រូវបានបញ្ឈប់​ប្រតិបត្តិការ​បណ្តោះ​​អាសន្ន៕