(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ​នៃក្រសួងការពារជាតិ​អាមេរិក មានគម្រោង​ចំណាយប្រាក់ ២.៦ពាន់លានដុល្លារលើការអភិវឌ្ឍអាវុធ​លឿនជាង​សំឡេង និងអាវុធ​វៃឆ្លាត ខណៈអ្នកជំនាញ​ជាច្រើនបានព្រមាន​ថា ការរត់ប្រណាំងសព្វាវុធ​នៃសង្រ្គាម​ត្រជាក់ រវាងមហាអំណាចយោធា​ទាំង ២ អាមេរិក និងរុស្ស៊ី​អាចនឹងផ្ទុះឡើងជាថ្មី។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន RT នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។​

សារព័ត៌មាន Russian Today ផ្អែកលើការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិស្ដីទីអាមេរិក លោក ផាទ្រីក ហ្សាណាហាន (Patrick M. Shanahan) នាពេល​ថ្មីនេះ បានបញ្ជាក់​ទៀតថា មន្ទីរបញ្ចកោណត្រូវការកញ្ចប់​ថវិកា​យោធាបន្ថែម​ជាង ៧៥០ពាន់ដុលា្លរ ពោលគឺ​ច្រើនជាង ៥ភាគរយ បើធៀបទៅនឹង​កញ្ចប់ថវិការយោធា ៧១៦ពាន់លាន​ដុល្លារសម្រាប់​ឆ្នាំ២០១៩។ លើសពីនេះ​ទៅទៀត ក្នុងចំណោម​ថវិកា​យោធានេះ មន្ទីរបញ្ចកោណ​ត្រូវការប្រាក់ ២.៦ពាន់លានដុល្លារ​យកទៅអភិវឌ្ឍន៍អាវុធលឿនជាង​សំឡេង ខណៈ​៣.៧ពាន់ដុល្លារ​សម្រាប់ប្រភេទ​អាវុធឆ្លាតវៃ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​រុស្ស៊ី និង​សហរដ្ឋអាមេរិក​កំពុងចាប់ផ្ដើមនីតិវិធី ដកខ្លួនចេញពី​សន្ធិសញ្ញាអាវុធ​នុយក្លេអ៊ែរ INF ជាផ្លូវការ បន្ទាប់ពីបានចោទ​ប្រកាន់ដាក់​គ្នាទៅវិញទៅមកថា មានលួចលាក់ផលិត​មីស៊ីលដែលត្រូវបានហាមឃាត់ក្បត់នឹងសន្ធិសញ្ញា​នេះ ខណៈទីក្រុងម៉ូស្គូ​ទើបតែ​ប្រកាសថា ខ្លួនផលិតបាន និងសាកល្បង​ដោយជោគជ័យ​នូវមីស៊ីលលឿន​ជាង​សំឡេងដែលមាន​អានុភាពខ្លាំង​ក្លាបំផុត៕