(ការ៉ាកាស់)៖ ខណៈការដាច់​ចរន្តអគ្គិសនី​នៅវេណេស៊ុយឡា​​ បានឈានចូល​ថ្ងៃទី៥ទៅហើយ​នោះ អាជ្ញាធរប្រទេសអាមេរិក​ឡាទីនមួយនេះ បានចាប់ឃុំខ្លួនជន​សង្ស័យចំនួនពីរនាក់ ដែលអាចមាន​ជាប់ពាក់ព័ន្ធទៅដល់ការ​ដាច់​ចរន្តអគ្គិសនី នៅក្នុងរដ្ឋ ២១ ក្នុងចំណោមរដ្ឋ​ទាំង ២៣ នៃប្រទេស​វេណេស៊ុយអេឡា ខណៈបច្ចប្បន្នរដ្ឋមួយចំនួន​មានភ្លើងប្រើប្រាស់ឡើងវិញ​ ប៉ុន្តែមិនទាំងស្រុង​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

នៅល្ងាចថ្ងៃ​ចន្ទសប្តាហ៍នេះ (ពេលវេលា​នៅទីក្រុង​ការ៉ាកាស់) លោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានថ្លែង​ចំពោះមុខ​ប្រជាជនលោក​ក្នុងរដ្ឋធានី​ការ៉ាកាស់ថា «សមត្ថកិច្ចយើង​បាន​ចាប់ខ្លួន​ជនសង្ស័យពីរនាក់ ដែល​បានព្យាយាម​បំផ្លាញចរន្ត​ផ្គត់ផ្គង់អគ្គិសនី និងទូរគមនាគមន៍​នៅ​ឯ​ស្ថានីយ​វារីអគ្គិសនី ហ្គូរី (Guri dam)។ ពេលនេះពួកគេកំពុង​ស្ថិតនៅក្រោមការសួរ​ចម្លើយ...»។ លោក ម៉ាឌូរ៉ូ បាន​ចោទចំៗ​ជាថ្មីម្តងទៀតដែរ ទៅលើ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ថាជាអ្នកស្ថិត​នៅពីក្រោយ​រឿងនេះ។

គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏បានច្រាន​ចោលផងដែរ​ចំពោះ​សម្តីមេបក្ស​ប្រឆាំង​លោក ហ្ស៊ាន ហ្គៃដូ (Juan Guiado) ដែល​បាន​ថ្លែង​នៅក្នុងកិច្ចសម្ភាសន៍​​កាលពីចុងសប្តាហ៍​មុនជាមួយ​ទូរទស្សន៍​អាមេរិក CNN ដោយបាន​ទម្លាក់​កំហុសលើ​រដ្ឋាភិបាល​​លោក ម៉ាឌូរ៉ូ ថា​ជាអ្នកបង្កហេតុការណ៍​ដាច់ចរន្ត​អគ្គិសនីនេះ និងធ្វើឲ្យ​អ្នកជំងឺនៅមន្ទីរពេទ្យ​​ចំនួន ១៧នាក់​បាត់បង់ជីវិត ខណៈ​មួយចំនួន​ទៀត​កំពុងស្ថិតនៅ​ក្នុងស្ថានភាព​លំបាកលំបិនបំផុត។ គិតត្រឹម​ថ្ងៃចន្ទដើម​សប្តាហ៍នេះ រដ្ឋដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់​បានធ្លាក់​មកនៅចំនួន ១៦ ក្នុង​ចំណោម​រដ្ឋទាំងអស់ ២៣ ប៉ុន្តែ​អគ្គិសនី​ក្នុងរដ្ឋ​មួយចំនួន នៅតែមិនទាន់​មានការផ្គត់ផ្គង់​ពេញលេញ​ឡើយ៕