(ហ្សាការតា)៖ ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិល​ឥណ្ឌូណេស៊ី បានប្រកាសឲ្យដឹងថា យន្តហោះ Boeing 737 MAX ត្រូវ​បានផ្អាកពុំឲ្យធ្វើ​ប្រតិបត្តិ​ការ​ហោះហើរជាបណ្តោះអាសន្ន នៅក្នុងប្រទេសអាស៊ាននេះ ដើម្បីរង់ចាំការត្រួតពិនិត្យឲ្យត្រឹមត្រូវ។ ក្រៅពីឥណ្ឌូណេស៊ី ម៉ុងហ្គោលី ចិន និងអេត្យូពី ក៏បានធ្វើដូចគ្នាផងដែរ ខណៈប្រទេសដទៃទៀត​នៅតែបន្តឲ្យ​យន្តហោះស៊េរីថ្មីនេះដំណើរការធម្មតា ប៉ុន្តែស្ថិតក្រោមការឃ្លាំ​​មើលស្ថានការណ៍ដិតដល់ជាពិសេស​។ នេះបើតាមការដកស្រង់ការ​ផ្សាយ​ចេញ​ពី​​សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។

មន្រ្តីខាងលើគឺលោកស្រី Polana Pramesti បាននិយាយដូច្នេះថា «ចំណាត់ការមួយក្នុងចំណោមចំណាត់ការឯទៀតៗ ដែលកំពុងត្រូវ​បាន​អនុវត្តន៍​ដោយ​​អាជ្ញាធរអាកាសចរណ៍ស៊ីវិល គឺការត្រួតពិនិត្យតាមរយៈការផ្អាកប្រតិបត្តិការហោះហើរ​របស់ Boeing 737 MAX 8 ដើម្បីធានា​ឲ្យបានទាំងស្រុងថា យន្តហោះម៉ូដែលនេះ​មានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការហោះហើរធ្វើដំណើរ»។

បើតាមលោកស្រី Polana កិច្ចការត្រួត​ពិនិត្យ​ នឹងត្រូវចាប់ផ្តើមឡើង​នៅថ្ងៃអង្គារស្អែក ខណៈ​ដែលអាកាសចរណ៍ជាតិ Garuda Indonesia មាន MAX 8 មួយគ្រឿង រីឯអាកាសចរណ៍កម្រិតថវិកា Lion Air មាន១០គ្រឿង។ យន្តហោះ Boeing 737 MAX 8 មានតម្លៃជិត​១២២​លាន​ដុល្លារអាមេរិកក្នុងមួយគ្រឿង។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍អេត្យូពី Ethiopian Airlines បានធ្លាក់ក្រោយ​ហោះឡើងផុតពីព្រលានយន្តហោះក្នុងរដ្ឋធានី​ Addis Ababa បានតែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីឆ្ពោះទៅរដ្ឋធានី Nairobi របស់កេនយ៉ា។ ​ហេតុការណ៍នេះ បានផ្តាច់ជិវិតមនុស្សទាំងអស់ដែលជិះនៅលើនោះគឺ១៥៧នាក់ ខណៈអ្នកដំណើរភាគច្រើន​គឺចម្រុះជាតិសាសន៍មក​ពី​ជាង​៣០ប្រទេស។

ករណីធ្លាក់យន្តហោះខាងលើ គឺជាករណីទី០២ហើយ ដែលយន្តហោះ 737 MAX 8 ជាយន្តហោះស៊េរី​មួយរបស់ Boeing បានធ្លាក់។ ករណី​ទីមួយ គឺឥណ្ឌូណេស៊ីផ្ទាល់ជាអ្នកជួបប្រទះ ដោយយន្តហោះ MAX 8 មួយគ្រឿងរបស់អាកាសចរណ៍ក្នុងស្រុក Lion Air ធ្វើដំណើរបានត្រឹម​តែ១៣នាទីចេញពីរដ្ឋធានីហ្សាការតា ក៏ស្រាប់តែធ្លាក់ចូលទៅក្នុងសមុទ្រ ហើយផ្តាច់ជីវិតមនុស្សទាំងអស់ដូចគ្នា ដែលជិះលើនោះគឺសរុប​​១៨៩នាក់​​៕​