(ម៉ូស្គូ)​៖ អ្នកកំប្លែងជនជាតិរុស្ស៊ី០២នាក់ បានហៅទូរស័ព្ទទៅបោក​បេសកជនពិសេសអាមេរិក​ប្រចាំវេណេស៊ុយអេឡា លោក Elliott Abrams ​ដែលបានជឿលើអ្វីដែលពួកគេ​បាននិយាយ និងព្យាយាមបង្កគណនីក្លែងក្លាយ​របស់​ជនជាតិវេណេស៊ុយ​អេឡា​​ជាច្រើននាក់ រួមមានទាំងលោក នីកូឡាស់ ម៉ាឌូរ៉ូ និង​សមាជិករដ្ឋាភិបាលទីក្រុងការ៉ាកាស់។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

បុគ្គលទាំងពីរនាក់​បានប្រាប់សារព័ត៌មាន Sputnik ថា ពួកគេជាអ្នកហៅទូរស័ព្ទ​​​ទៅកាន់​ លោក Abrams ដោយបានបន្លំ​ធ្វើជា​ប្រធានា​ធិបតីនិងជាប្រធាននាយក​ដ្ឋានហិរញ្ញវត្ថុនៃប្រទេសស្វីស លោក Ueli Maurer កាលពីពាក់កណ្តាលខែកុម្ភៈ។ នាឱកាស​នោះ អ្នកទាំង០២បានប្រាប់បេសកជនពិសេសអាមេរិកថា ​​​មានលុយយ៉ាងច្រើនដែលជារបស់សមាជិករដ្ឋាភិបាល​វេណេស៊ុយ​អេឡា នៅក្នុងធនាគារស្វីស ប៉ុន្តែរដ្ឋាភិបាលស្វីសមិនអាចធ្វើអ្វី​បានឡើយ ព្រោះពុំមានការរំលោភបំពានច្បាប់។

ក្នុងកិច្ចសន្ទនាខាងលើ លោក Abrams បានឆ្លើយតបវិញថា ​ទ្រព្យសម្បត្តិ​ទាំងនេះ​គួរតែត្រូវបង្កកចោល ព្រោះថាធនាគារស្វីស​ទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងទ្រព្យទាំងនេះ អាចនឹងរងពាក្យបណ្តឹង​ពី​រដ្ឋាភិបាលនាថ្ងៃអនាគតរបស់មេបក្ស​ប្រឆាំង​លោក Juan Guaido ខណៈធនាគារទាំងអស់នោះ នឹងត្រូវចាត់ទុកថា មានទាក់ទងនឹង​ការលួចប្លន់​ហិរញ្ញវត្ថុរបស់វេណេស៊ុយ​អេឡា។

គួរជម្រាបថា នៅពេលដែលក្រុមអ្នកកំប្លែងខាងលើ បានទាមទាររកឯកសារ​ពីលោក Abrams ដើម្បីបង្កកទ្រព្យសម្បត្តិ​នៅក្នុង​គណនីក្លែងក្លាយទាំងនោះ លោកបេសកជន​អាមេរិកក៏បានផ្ញើឲ្យភ្លាមៗ។ ឯកសារទាំងនោះ រួមមានជនជាតិ​វេណេ​ស៊ុយ​អេឡា​​ចំនួន​១០០នាក់ រួមទាំង​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡឡាស់ ម៉ាឌូរ៉ូ និងសមាជិករដ្ឋាភិបាលរបស់លោក។ អ្នក​កំប្លែង​ជនជាតិរុស្ស៊ីទាំងពីរនាក់នេះ ​មានឈ្មោះ Vladimir Kuznetsov ហៅ Vovan និង Alexei Stolyarov ហៅ Lexus ត្រូវ​បាន​គេស្គាល់ជាទូទៅ ដោយសារ​ការហៅទូរស័ព្ទលក្ខណៈលលេង (Prank) ទៅ​កាន់​បណ្តា​អ្នក​នយោ​បាយនៅជុំវិញពិភពលោក៕