(ញូដេលី)៖ រដ្ឋាភិបាល​ឥណ្ឌា​បានទាត់ចោល​របាយការណ៍​ដែលថា នាវាមុជទឹក​របស់ខ្លួន​មួយ​គ្រឿង​បានព្យាយាម​ចូលក្នុង​ដែនទឹក​ប៉ាគីស្ថាន ហើយចាត់ទុកថា​វាគឺជាព័ត៌មាន​មិនពិត ខណៈដែលជម្លោះ​ក្តៅគគុករវាងប្រទេសទាំងពីរ ហាក់បាន​ធូរ​ស្រាល​​បន្តិច​វិញ តែនៅបន្ត​ស្ថិតក្នុង​ភាព​ផុយស្រួយ។ នេះបើតាម​​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ចេញផ្សាយថ្ងៃអង្គារ​សប្ដាហ៍នេះ កងនាវា​ឥណ្ឌាបាន​បញ្ជាក់យ៉ាងដូច្នេះថា «ដូចដែល​បានលើកឡើងនៅក្នុង​សន្និសីទរួម​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ កងនាវា​ឥណ្ឌាត្រូវបាន​ដាក់ពង្រាយក្នុង​គោលបំណង ​ការពារដែនទឹក​របស់ខ្លួន​តែប៉ុណ្ណោះ... ប៉ុន្តែក្នុង​រយៈពេល ប៉ុន្មាន​ថ្ងៃនេះ​យើងសង្កេតឃើញថាប៉ាគីស្ថាន​បានផ្សព្វផ្សាយ និងឃោសនា​ព័ត៌មានមិនពិត​ជាច្រើន»

គួរបញ្ជាក់ថា ការចេញផ្សាយ​សេចក្ដីថ្លែងការណ៍របស់​កងនាវាឥណ្ឌា ធ្វើឡើងជាការឆ្លើយតប​ទៅនឹងវីដេអូមួយចេញផ្សាយ​ដោយប៉ាគីស្ថាន ដែលអះអាង​បានបណ្ដេញនាវាមុជ​ទឹកឥណ្ឌាមួយ​គ្រឿងចេញ ក្រោយពីវាបានព្យាយាមរុកចូល​ក្នុងដែនទឹករបស់​ខ្លួន។ ស្ថានការណ៍​នៅក្នុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា​បានវិលមក​ធូរស្រាលវិញ​បន្តិច ក្រោយប៉ាគីស្ថាន​ព្រមដោះលែង​​ពីឡុតយន្តហោះ​ចម្បាំង​ឥណ្ឌា និង​បើកចំហ​ជើងមេឃឡើង​វិញ៕