(ប៉េកាំង)៖ នៅដើមខែមីនា​ជារៀងរាល់ឆ្នាំ ក្រៅពីមហាសន្និបាត​សភាប្រជាជនចិន (NPC) មហាសន្និបាត​ធំ​មួយ​ទៀត​នៃសភា​ប្រឹក្សា​នយោបាយ​​ប្រជាជនចិន (CPPCC) ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ពេល​​ទន្ទឹមគ្នា ​​ដោយការជួបជុំទ្រង់ទ្រាយធំ​ទាំងពីរនេះ មិន​ត្រឹម​​សម្រាប់​​កិច្ចរៀបចំផែន​ការ​អភិវឌ្ឍន៍​ជាតិរបស់​ប្រទេស​ចិន​​ប៉ុណ្ណោះទេ តែថែមទាំង​ជាបង្អួចដ៏សំខាន់​សម្រាប់ឲ្យ​ពិភព​លោក​ ​ស្វែងយល់ពី​ស្ថានភាពរបស់ចិន​ផងដែរ ។

ក្នុងនាមជារបៀបវារៈរដ្ឋ​ប្រកបដោយ​លក្ខណៈពិសេស​របស់ប្រទេសចិន CPPCC មានតួនាទីពិសេស​ជាប់​រហូត​ក្នុង​ដំណើរ​​អភិវឌ្ឍន៍របស់ប្រទេសចិនថ្មី ក្នុងរយៈពេលជិត ៧០ឆ្នាំ​កន្លងមកនេះ ដែល​បាន​ពូនជ្រុំ​​កម្លាំង​កាយចិត្ត​របស់​​ប្រជាជន​ទាំង​ជាតិ​ និង​អន្តរជាតិ និងបាន​បង្កើតជា​កម្លាំងចលករ​សម្រាប់ការបង្កើតអច្ឆរិយភាព នៃការអភិវឌ្ឍជាបន្តបន្ទាប់​របស់​ប្រទេសចិន ។

ក្នុង​នាម​ជា​ប្រទេស​មួយដែលមានចំនួន​ប្រជាជន ច្រើនជាងគេលើពិភពលោក ប្រជាជនចិនមាន​សំណូមពរច្រើនបែបយ៉ាង ប៉ុន្តែ​ប្រជាជនចិនមានគំនិតឯកភាព​រួមមួយថា ត្រូវតែសម្រេច​ការស្តាភាពរុងរឿងដ៏មហិមា​របស់ប្រជាជាតិចិនឡើងវិញ ដែលវា​គឺ​ជា​ឧត្តម​គតិ​រួម​របស់​ប្រជាជន​ចិនចំនួនជិត ១៤០លាននាក់ ។

ក្នុងនាមជា​ស្ថាប័នសំខាន់មួយ​ នៃកិច្ចសហប្រតិបត្តិការ​អន្តរបក្ស និងពិគ្រោះពិភាក្សា​អំពីកិច្ចការនយោបាយ ដែលដឹកនាំដោយ​​បក្សកុម្មុយនិស្តចិន ដែលជាគណបក្សកាន់អំណាច CPPCC បានដើរតួនាទីជាស្ពានសំខាន់​ក្នុងការមូលមតិយោបល់​បង្កើត​ជា​កម្លាំង​រួម ជំរុញការអភិវឌ្ឍនៃ​ប្រទេសជាតិ និងការងើបឡើងវិញនៃ​ប្រជាជាតិរវាង​ស្រទាប់​​​សម្រេច​គោល​នយោបាយ​​នៃ​មជ្ឈិម​ចិន និងគ្រប់មជ្ឈដ្ឋាន​របស់​ប្រទេសចិន ។

សាមគ្គីភាព និងប្រជាធិបតេយ្យ ជាប្រធានបទធំទាំងពីរនៃ​ការងាររបស់​សភាប្រឹក្សានយោបាយ។ សមាជិកសមាជិការ​នៃ​សភា​ប្រឹក្សា​នយោបាយ គឺមកពីគ្រប់មជ្ឈដ្ឋាន​នានាក្នុងសង្គមចិន ដែលប្រកបដោយ​ភាពជាតំណាងយ៉ាងទូលំទូលាយ​ នៃស្ថាប័ន​នេះ​ក៏​សម្រេចថា ស្ថាប័នមួយនេះអាច​ប្រមូលផ្តុំកម្លាំង​ នៃគ្រប់មជ្ឈដ្ឋាន​នានាក្នុង​សង្គមចិន ។

ឧទាហរណ៍ដូចជា សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ក្នុង​ចំណោម​សមាជិកសមាជិកា​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនចិនចំនួនជាង ២,០០០រូប មាន ៣៩.៨ភាគរយ ជា​សមាជិកបក្សកុម្មុយនិស្តចិន និងមាន ៦០.២ភាគរយ មិន​ជា​សមាជិក​បក្ស​កុម្មុយ​និស្ត​ចិន ដែលក្នុងនោះមានបក្សប្រជាធិបតេយ្យចំនួន៨ និង​សមាគមឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ទូទាំង​ប្រទេសចិន ឥស្សរជនមិនចូលបក្ស ហើយក៏មានតំណាងជាបុគ្គលឆ្នើមនៃមុខរបរនានា ឥស្សរជនហុងកុងនិងម៉ាកាវ តំណាងនៃជនជាតិភាគតិចនិងតំណាងនៃមជ្ឈដ្ឋានសាសនា ព្រមនិងឥស្សរជនជំនាញដែលមកពីមជ្ឈដ្ឋានសិល្បៈនិងកីឡា ។

ក្នុងនាមជាចំណែកដ៏សំខាន់មួយនៃប្រព័ន្ធអភិបាលកិច្ចជាតិចិន «ការយល់ដឹងអំពីការប្រឹក្សានយោបាយនិង​ភាពប៉ិនប្រសប់​ក្នុង​ការ​ប្រឹក្សានយោបាយ» គឺជាគោលការណ៍ដ៏សំខាន់ ដែលសមាជិកសភាប្រឹក្សានយោបាយប្រជាជនចិននិងសមាជិក​សមា​ជិកា​សភា​​ប្រឹក្សា​​​នយោបាយ​ប្រជាជនចិនក្នុងយុគសម័យថ្មី ត្រូវគោរពតាមក្នុងពេលបំពេញតួនាទី។

និយាយ​ដោយលម្អិត គឺសមាជិកសមាជិកាសភាប្រឹក្សា​នយោបាយប្រជាជន​លើកសំណើ ដើម្បីជំរុញការ​អភិវឌ្ឍប្រទេសជាតិ ដូច្នេះបញ្ហា​ប្រឈមក្នុងការអភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ច​ក៏ដូចជាការរស់នៅ​របស់​ប្រជាជន គឺជា​ចំណុចសំខាន់​នៃការងាររបស់​ស្ថាប័នសភា​ប្រឹក្សានយោបាយ និងសមាជិក​សមាជិកាសភា​ប្រឹក្សានយោបាយ​ប្រជាជន គ្រប់ស្រទាប់​ជាន់ថ្នាក់។

តាមស្ថិតិឱ្យដឹងថា តាំងពីការបើកធ្វើ​មហាសន្និបាត​លើកទី១នៃ CPPCC​ នីតិកាលទី ១៣មក បាន​ទទួល​សំណើ​​របស់សមាជិក​សមាជិកា​​​សភា​​ប្រឹក្សា​នយោបាយ​ទូទាំងប្រទេសចិនសរុប ៥,៣៦០ករណី ក្នុងនោះមាន ៤,៥៦៧ករណីត្រូវបាន​អនុវត្តន៍ជាផ្លូវការ ហើយបច្ចុប្បន្ន​មានសំណើរចំនួន ៩៩.២ភាគរយ​បានទទួលការដោះស្រាយ​ពី​រដ្ឋាភិបាល។

សំណើទាំងនេះមានពាក់ព័ន្ធការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ការ​ជំរុញ​កំណែ​ទម្រង់​ផ្នែក​នយោបាយ ការធ្វើឱ្យមាននីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ ការកែលម្អនិងធានាជីវភាពរស់នៅរបស់ប្រជាជន និងការជំរុញ​ដំណើរ​បង្រួប​បង្រួម​ប្រទេស​ជាតិ​ដោយសន្តិវិធីជាដើម ដែលបានផ្តល់ការធានានិងការគាំទ្រយ៉ាងសំខាន់សម្រាប់ ការសម្រេច​គោល​នយោ​បាយ​របស់រដ្ឋាភិបាលចិន។

ការប្រឹក្សានយោបាយ​ដោយការចូលរួមពីសំណាក់​ប្រជាជន គឺជារូបភាពដ៏សំខាន់សម្រាប់​ប្រទេសចិនសម្រេចប្រជាធិប​តេយ្យ​​ប្រជាជន ការពិភាក្សានយោបាយ ការត្រួតពិនិត្យបែបប្រជាធិតេយ្យ និងការចូលរួមនិងពិភាក្សានយោបាយ​បាន​បង្ហាញ​​ដោយ​​ពេញ​​លេញ​នូវកម្លាំងរស់រវើកនៃរបបប្រជាធិបតេយ្យសង្គមនិយម។

ក្នុងដំណើរបំពេញ​តួនាទី សមាជិកសមាជិកា​សភាប្រឹក្សានយោបាយ​ប្រជាជនចិន​គ្រប់ជាន់ថ្នាក់ បានលើក​មតិយោបល់ ការរិះ​គន់​ និងសំណើ​ចំពោះការងាររដ្ឋាភិបាល និងរដ្ឋបាល​គ្រប់ជាន់ថ្នាក់ តាមរូបភាពពិភាក្សា​នយោបាយ ដែលបាន​ដើរ​តួនាទី​ដែល​មាន​​ឥទ្ធិ​ពល​ផ្នែក​​នយោបាយ​យ៉ាង​ខ្លាំង​ក្លា។

ឆ្នាំ២០១៩ គឺជាខួបទី ៧០ នៃការបង្កើតប្រទេសចិនថ្មី ហើយក៏ជាខួបទី ៧០ នៃការបង្កើតសភាប្រឹក្សា​នយោបាយ​ប្រជាជនចិន​​ផង​ដែរ។ ដំណើររយៈពេល ៧០ឆ្នាំ​បានបញ្ជាក់ថា សភាប្រឹក្សានយោបាយ​ប្រជាជនដែល​លើកសំណើ និងពិភាក្សា​អំពីកិច្ចការ​រដ្ឋ គឺជា​វេទិកាសម្រាប់​ការបញ្ចេញមតិយោបល់​របស់ប្រជាជន ហើយសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ក៏ជាអង្គការរណ​សិរ្ស​​​ឯក​​ភាព​ស្នេហាជាតិ​ដ៏ទូលំទូលាយបំផុត ដែលបានរួមវិភាគទាន​យ៉ាងសំខាន់ក្នុង​ការបង្កើតជាបរិយាកាស​​ខាង​ក្រៅ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ការអភិវឌ្ឍ​នៃប្រទេស​ជាតិផងដែរ៕