(វ៉ាស៊ីនតោន)៖ រូបភាពថតដោយ​ផ្កាយរណបជា​ច្រើនសន្លឹក ចេញផ្សាយ​ដោយគេហទំព័រ​អាមេរិក 38 North បានបង្ហាញថា កូរ៉េខាងជើងកំពុងជួសជុល​ឡើងវិញនូវទីតាំង​បាញ់គ្រាប់រ៉ុក្កែតមួយ​កន្លែង ដែលខ្លួនបាន​សន្យាជាមួយសហរដ្ឋអាមេរិក​ថា នឹងបំផ្លាញចោលនោះ។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀល​ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

គេហទំព័រ​អាមេរិក 38 North ចេញផ្សាយ​រូបភាពខាងលើនៅថ្ងៃអង្គារ​សប្ដាហ៍នេះ (ម៉ោង​នៅ​អាមេរិក) ហើយរូបភាពទាំងនេះទៀត​សោត ត្រូវបានថតដោយផ្កាយរណបតែ ០២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ច​ប្រជុំកំពូលជា​លើកទី ២ រវាងប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុង​ហាណូយ​ប្រទេស​វៀតណាម បានបញ្ចប់​ទៅដោយគ្មាន​កិច្ចព្រមព្រៀងអ្វី​ទាំងអស់។ គេហទំព័រ​អាមេរិក​ខាងលើ ដែលតែងតែទម្លាយរឿងសម្ងាត់កូរ៉េខាងជើងបានឱ្យដឹងទៀត​ថា ទីតាំងដែលគេថត​ជាប់កំពុងមានសកម្មភាព​ជួសជុលឡើង​វិញនោះ គឺជាទីតាំង​បាញ់ គ្រា​ប់រ៉ុក្កែត សូហែ (Sohae) នៃស្ថានីយ តុងឆាងរី (Tongchang-ri)។

គួរបញ្ជាក់ថា Sohae គឺជាទីតាំង​បាញ់គ្រាប់រ៉ុក្កែត​ពាំផ្កាយរណប​ ទៅកាន់ទីអវកាស​ដ៏សំខាន់មួយរបស់​កូរ៉េខាងជើង ចាប់តាំង​ពីឆ្នាំ២០១២មក ហើយមិនតែ​ប៉ុណ្ណោះវាក៏ជាកន្លែង​ដែលទីក្រុងព្យុងយ៉ាង​យកធ្វើជាទីតាំងធ្វើតេស្ដម៉ាស៊ីន​ សម្រាប់មីស៊ីល​មានសមត្ថភាពបាញ់​ដល់ទឹកដី អាមេរិក​ផងដែរ។ ដោយឡែក​នៅមុននេះ​បន្តិច ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក ចន បូលតុន ក៏បានចេញ​សារព្រមានផងដែរថា បើសិនជា​កូរ៉េខាងជើង​មិន​ព្រមបោះចោល​នុយក្លេអ៊ែរ​នោះទេ ទណ្ឌកម្ម​បន្ថែមទៀត​នឹងត្រូវ​ដាក់៕