(វ៉ាស៊ីនតោន)៖ លទ្ធផលស្ទង់មតិ​ថ្មីមួយបាន​បង្ហាញឲ្យដឹងថា ប្រជាជនអាមេរិក​ភាគច្រើន មិនចង់ឲ្យមានការទម្លាក់​​​ប្រធានាធិបតី​​​លោក ដូណាល់ ត្រាំ ចេញពីអំណាច​ឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ​ពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

យោងតាមការ​ស្ទាបស្ទង់មតិ​ខាងលើ ប្រជាជនអាមេរិក​ដែលមានសិទ្ធិ​បោះឆ្នោត​​ខ្ទង់ ៥៩ភាគរយ បានជំទាស់នឹងការ​បើក​នីតិវិធី​ដើម្បីទម្លាក់​លោក ដូណាល់ ត្រាំ ចេញពីតំណែង​​ប្រធានាធិបតី ក៏ប៉ុន្តែទន្ទឹមនឹងនេះ​​ប្រមាណ ៥៨ភាគរយនៃពួកគេ បាន​យល់​ស្របថា សភាគួរតែធ្វើការ​ស៊ើបអង្កេត​​លើ​រឿងអាស្រូវ​ចោទប្រកាន់ អំពីទង្វើអសីលធម៌ និងខុសច្បាប់ផ្សេងៗ​របស់​​លោក ត្រាំ​។

គួរជម្រាបថា កាលពីសប្តាហ៍មុន​អតីតមេធាវី​របស់លោក ត្រាំ គឺលោក ម៉ៃឃើល ខូហេន (Michael Cohen) បានចោទប្រកាន់លោក ត្រាំ ក្នុងអំឡុងការផ្តល់សក្ខីកម្ម​នៅចំពោះមុខសភា​អាមេរិក ពីបទល្មើសមួយចំនួន​រួមមានដូចជា ការរំលោភលើ​ការ​គ្រប់គ្រងហិរញ្ញវត្ថុ​ក្នុង​យុទ្ធ​នាការបោះឆ្នោត និងការក្លែងបន្លំ​-កឹបកេងពន្ធជាង​ដើម។

រីឯក្រុមតំណាង​រាស្រ្តបក្សប្រជាធិបតេយ្យ​​ជា​ច្រើននាក់ ក្រោយពីគណបក្ស​របស់ពួកគេ​បានដណ្តើមកាន់កាប់​​សភាតំណាងរាស្រ្ត​​របស់​អាមេរិក កាលពីខែមករា​បានប្តេជ្ញាថា នឹងបើកនីតិវិធី​​ដើម្បីទម្លាក់​លោក ដូណាល់ ត្រាំ ចេញពី​អំណាច ប៉ុន្តែការសម្រេច​ចិត្តក្នុង​​រឿងនេះ ត្រូវការសំឡេង​អនុម័ត​ពីរភាគបីនៅក្នុង​ព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រង​ដោយគណបក្ស​សាធារណរដ្ឋ៕