(សេអ៊ូល)៖ អតីតប្រធានាធិបតី​កូរ៉េខាងត្បូង​លោក លី ម្យុងបាក់ (Lee Myung-bak) នឹងត្រូវបានដោះលែង​ឱ្យនៅក្រៅឃុំជា​បណ្ដោះអាសន្ន​នៅថ្ងៃពុធនេះ ជិតមួយឆ្នាំ​បន្ទាប់ពីចំណាយពេលក្នុង​មន្ទីរឃុំឃាំងពីបទ​ពុករលួយ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។​

ការសម្រេចចិត្ត​ឱ្យលោក Lee ស្ថិតនៅក្រៅឃុំ ធ្វើដោយតុលាការ​ជាន់ខ្ពស់ទីក្រុង​សេអ៊ូល ដែលបានទទួល​យកសំណើសុំ​នៅក្រៅឃុំ ពីអតីតប្រធានាធិបតី​កូរ៉េខាងត្បូងរូបនេះ ដោយសារតែស្ថានភាពទ្រុឌទ្រោម​នៃសុខភាពរបស់​លោក និងហេតុផល​មួយចំនួន​ទៀត។

គួរបញ្ជាក់ថា លោក Lee Myung-bak បានឡើងកាន់​តំណែងជាប្រធានាធិបតី​កូរ៉េខាងត្បូងពីឆ្នាំ២០០៨ ដល់​ឆ្នាំ២០១៣ ហើយបច្ចុប្បន្ន លោកកំពុងប្ដឹង​ឧទ្ធរណ៍ជំទាស់នឹងការផ្ដន្ទាទោស​រូបលោក ដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ពីបទចោទស៊ី​សំណូកជាទឹក​ប្រាក់ ៥.២លានដុល្លារ​ពីក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេស​កូរ៉េខាត្បូង និងបទល្មើសមួយ​ចំនួនទៀតកាលពី​ថ្ងៃទី០៥ ខែតុលា ឆ្នំា២០១៨៕