(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិ​​របស់លោក ដូណាល់ ត្រាំ គឺ លោក ចន បូលតុន (John Bolton) បានឲ្យដឹងថា សហរដ្ឋអាមេរិក​​នឹង​គិតគូរដាក់ទណ្ឌកម្ម​ថែមទៀតលើប្រទេស​កូរ៉េខាងជើង ប្រសិនទីក្រុងព្យុងយ៉ាង​មិនព្រមបោះបង់ ​កម្មវិធីអាវុធនុយក្លេអ៊ែរ​​របស់​ខ្លួន​ចោល​ទេ​នោះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

ឆ្លើយតបជាមួយបណ្តាញ​សារព័ត៌មាន​អាមេរិក Fox Business Network នាថ្ងៃអង្គារសប្តាហ៍នេះ ក្រោយជំនួបកំពូល​នៅហាណូយ​រវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន លោក Bolton បានបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោននឹង​ពិនិត្យមើលថា តើ ទីក្រុង​ព្យុងយ៉ាង​គោរព​តាមការសន្យា​​​របស់ខ្លួន អំពីការបោះបង់​ចោលកម្មវិធីអាវុធ​នុយក្លេអ៊ែរ ព្រមទាំងអ្វីៗ​ផ្សេងទៀតដែល​ពាក់ព័ន្ធជាមួយ​​វា​ដែរ ឬយ៉ាងណា...»

លោក Bolton បានបន្តថា «ប្រសិនបើពួកគេមិន​ព្រមធ្វើតាមពាក្យសន្យារបស់​ខ្លួនទេនោះ ​ខ្ញុំគិតថា​លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់​ច្បាស់ៗរួច​ហើយថា ពួកគេ​នឹង​មិនទទួលបានការបន្ធូរបន្ថយ​ទ​ណ្ឌកម្មសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​ ដែលបានដាក់​​ទៅ​លើ​ពួក​គេឡើយ ខណៈបើតាម​ពិត​ទៅនោះពួកយើងនឹង​ពិចារណាដាក់ទណ្ឌកម្ម​ឲ្យខ្លាំងថែម​ទៀត»។ ​

ក្នុងថ្ងៃជា​មួយគ្នានេះ ក៏មានសេចក្តី​រាយការណ៍​ផងដែរថា កូរ៉េខាងជើង​បាន​សាងសង់​ផ្នែកមួយចំនួន​ឡើងវិញ នៃទីតាំង​បាញ់​​គ្រាប់​មីស៊ីល ដែលខ្លួនបានចាប់​ផ្តើមរុសរើចោល ក្រោយពីខ្លួនធ្លាប់បានសន្យា​ថា មិនធ្វើដូច្នោះ​ក្នុងអំឡុង​ជំនួបកំពូលលើកទីមួយ ជាមួយ​​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពាក់កណ្តាលឆ្នាំមុន។ ការសាងសង់​នេះ​ត្រូវគេ​អះអាងថា ទំនង​ជាធ្វើឡើង​កាលពី​ចន្លោះថ្ងៃទី១៦ ខែកុម្ភៈ និងថ្ងៃទី០២ ខែមីនា រីឯទីតាំងបាញ់​មីស៊ីលនោះមាន​ឈ្មោះថា តុងឆាងរី (Tongchang-ri)។

គួរជម្រាបថា ការធ្វើអត្ថាធិប្បាយ​របស់លោក Bolton បានកើតមាន​បន្ទាប់ពី​កិច្ចប្រជុំកំពូលកាលពី​ថ្ងៃទី២៧-២៨ ខែកុម្ភៈ​​​រវាង​​លោក ត្រាំ និង​លោក គីម នៅ​វៀតណាម បានបញ្ចប់ទៅ​ដោយបាតដៃទទេ ដោយសារភាព​មិនចុះសម្រុងគ្នា​ជុំវិញឆន្ទៈរបស់​កូរ៉េខាងជើង​ក្នុងការបោះបង់​ចោលកម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន និងឆន្ទៈរបស់​អាមេរិកក្នុងការបន្ធូរបន្ថយ​ទណ្ឌកម្ម៕