(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានសន្យា​នៅចំពោះមុខអ្នកគាំទ្រថា នឹងយកជ័យ​ជម្នះលើ រាល់ក្រុមប្រឆាំង​ទាំងឡាយណា​ ដែលចង់ទម្លាក់រូបលោក​ចេញពី​អំណាច។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់​បែបនេះ នៅឯពិធីជួបអ្នកគាំទ្រក្នុងទីក្រុង​ការ៉ាកាស់ នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ពោលគឺតែ​មួយថ្ងៃប៉ុណ្ណោះ​ក្រោយមេបក្ស​ប្រឆាំង លោក​ ជូអាន ហ្គៃដូ (Juan Guaidó) ត្រឡប់ចូលស្រុកវិញ​តាមពាក្យសន្យា។ នាឱកាសនោះ លោក ម៉ាឌូរ៉ូ បានលើកឡើងយ៉ាងដូច្នេះថា «បណ្ដោយ​ឱ្យពួកឆ្កួតឡប់មួយក្ដាប់​តូចនោះ បន្តភាពល្វីងជូរចត់របស់ពួកគេ​ទៀតទៅចុះ ព្រោះថាមិនយូរមិន​ឆាប់យើងនឹងយកជ័យជម្នះ​លើពួកគេ ហើយយើង​នឹងធ្វើរឿងនេះជាប្រវត្តិសាស្ត្រ​ សម្រាប់ប្រទេស​របស់យើង»

គួរបញ្ជាក់ថា ជាសារឆ្លើយតប​ទៅនឹង​លោក Juan Guaidó លោក ម៉ាឌូរ៉ូ ក៏បានអំពាវនាវ​ផងដែរឱ្យអ្នកគាំទ្ររូបលោក​ទាំងអស់​ ចូលរួមក្នុងក្បួនដង្ហែ​មួយដែលលោក​ហៅថា «ជាចលនាប្រឆាំងពួក​ចក្រពត្តិ» ក្នុងទីក្រុងការ៉ាកាស់​នៅថ្ងៃសៅរ៍​ចុងសប្ដាហ៍នេះ (ម៉ោង​នៅ​ក្នុងតំបន់) ខណៈ ក្រុមបាតុករ​ប្រឆាំងនឹងរដ្ឋាភិបាល​ ក៏គ្រោងនឹងធ្វើបាតុកម្មតវ៉ា​ក្នុងថ្ងៃតែមួយ​នេះដែរ៕