(វ៉ាស៊ីនតោន)៖ អតីតបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន បានឱ្យដឹងថានឹងមិន ចូលរួមប្រកួតប្រជែងជាលើកទី២ ក្នុងការដណ្ដើមយកតំណែងប្រធានាធិបតីអាមេរិកជាមួយលោក ដូណាល់ ត្រាំ នៅឆ្នាំ២០២០ នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ការលើកឡើងបែបនេះរបស់លោកស្រី គ្លីនតុន ធ្វើឡើងនៅក្នុងបទសម្ភាសន៍នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយអ្នកសារព័ត៌មាននៃ ស្ថានីយទូរទស្សន៍ News 12 ដែលបានសួរថាតើលោកស្រីនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាថ្មីដែរឬទេ។ លោកស្រីបាន បញ្ជាក់នាឱកាសនោះដូច្នេះថា៖ «ខ្ញុំនឹងមិនចូលរួមប្រកួតប្រជែងជាថ្មីឡើយ ប៉ុន្តែខ្ញុំនឹងបន្តធ្វើការងារ ក៏ដូចជានិយាយ ព្រមទាំងពើងទ្រូង ចំពោះអ្វីដែលខ្ញុំជឿជាក់»

គួររំលឹកថា កាលពីឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន ត្រួវបានមជ្ឈដ្ឋានភាគច្រើនយល់ថានឹងក្លាយជាប្រធានាធិបតីអាមេរិកជាស្ត្រី ដំបូងគេបំផុត ប៉ុន្តែលោកស្រីបែរជាត្រូវប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ ផ្ដួលដ៏គួរឱ្យភ្ញាក់ផ្អើលទៅវិញ៕