(តូក្យូ)៖ តុលាការ​នៃ​ទីក្រុងតូក្យូ​នាថ្ងៃអង្គារនេះ បានសម្រេចអនុញ្ញាត​ចំពោះសំណើ​សុំនៅក្រៅឃុំរបស់​​អតីត​​ប្រធានក្រុមហ៊ុន​ផលិត​រថយន្ត Nissan លោក ខាឡូស ហ្គោសន៍ (Carlos Ghosn) បន្ទាប់ពីលោក​បានចំណាយពេលជាង ១០០ថ្ងៃមកហើយ​នៅក្រោម​ការឃុំឃាំង ​ក្រោយត្រូវគេចាប់​ខ្លួន​ជុំវិញបញ្ហាលុយកាក់​របស់ក្រុមហ៊ុន។ នេះបើតាមការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មានជប៉ុន Kyodo News នៅព្រឹក​ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

សំណើសុំឲ្យនៅក្រៅឃុំនេះត្រូវបានដាក់ទៅ​កាន់ ​តុលាការសង្កាត់មួយនៃទីក្រុងតូក្យូ Tokyo District Court កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន ដោយ​​​ក្រុម​មេធាវីថ្មីរបស់​លោក Ghosn ខណៈប្រាក់តម្កល់​មានទំហំ​ ១ពាន់លានយេន ឬស្មើនឹងជាង ០៩លានដុល្លារ។ ​

ទោះជា​បែបនេះក្តី ក្រុមរដ្ឋ​អាជ្ញា​​ទីក្រុង​តូក្យូ​អាចប្តឹងជំទាស់នឹង​ការសម្រេច​របស់តុលាការ ដែលបានអនុញ្ញាត​ឲ្យលោក Ghosn ឲ្យនៅក្រៅ​ឃុំនេះបាន តែបើតុលាការទាត់ចោល​ការជំទាស់របស់​ក្រុមរដ្ឋអាជ្ញា​នោះ លោក Ghosn នឹង​មានសេរីភាព​ជាលើកដំបូង ចាប់តាំងតែពីការ​ចាប់​ខ្លួន​កាល​ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

គួរជម្រាបថា លោក Ghosn ប្រឈមមុខការ​បទចោទប្រកាន់ចំនួន ០៣ករណី ដែលពាក់ព័ន្ធនឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​​​នៅក្នុង​ក្រុមហ៊ុន Nissan ហើយ​លោកបាន​ច្រានចោលរាល់ការចោទ​ប្រកាន់ទាំងអស់៕