(ព្យុងយ៉ាង)៖ មេដឹកនាំកំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន នៅទីបំផុត​បានទៅដល់​ទីក្រុងព្យុងយ៉ាង នៃប្រទេសរបស់លោក​វិញហើយ ក្រោយពីបានធ្វើដំណើរ​​ចាប់តាំងពី​រសៀលថ្ងៃសៅរ៍​សប្តាហ៍មុននេះមកពី​វៀតណាម និងឆ្លងកាត់ទឹកដី​មួយចំហៀងប្រទេស​ចិន ដែលមានចម្ងាយ​រាប់ពាន់គីឡូម៉ែត្រ និងប្រើប្រាស់ពេល​វេលារាប់​សិបម៉ោង ដោយគ្មាន​ឈប់​សំចត​នោះ​ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

បើតាមមន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង រថភ្លើងពិសេស​របស់លោក គីម ជុងអ៊ុន បានមកដល់​ទីក្រុងព្យុងយ៉ាងនា​វេលាព្រឹកព្រហាម​ថ្ងៃអង្គារ នេះតែម្តង (ម៉ោងនៅទីក្រុងព្យុងយ៉ាង) ដោយ​លោក និងគណៈប្រតិភូ​ត្រូវ​បានទទួលស្វាគមន៍​យ៉ាងកក់ក្តៅ និងកកកុញពីសំណាក់​មន្ត្រីជាន់ខ្ពស់​បក្សពលករកូរ៉េ នៅឯស្ថានីយរថភ្លើង។

ទោះបីជាសារព័ត៌មាន​អន្តរជាតិធំៗជាច្រើន​​បានចុះផ្សាយ​ថា កិច្ចប្រជុំកំពូល​​រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន លើកទីពីរបានទទួលភាពបរាជ័យ​ព្រោះតែ​មិនបាន​ចេញ​សេចក្តី​ថ្លែងការណ៍រួម​ដូច​កាលពីនៅសិង្ហបុរី​ក៏ដោយ តែសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA វិញ​បាន​ចុះ​ផ្សាយថា ជំនួបរវាង​លោក គីម និងលោក ត្រាំ បានបញ្ចប់​ទៅប្រកប​ដោយ​លក្ខណៈស្ថាបនា និងមាន​ការដោះដូរទស្សនគ្នាទៅវិញ​ទៅមក ជុំវិញការបើក​ទំព័រថ្មីនៃ​ដំណើរ​​ការទៅរកទំនាក់ទំនងប្រសើរឡើង​រវាង​សហរដ្ឋអាមេរិក និងប្រទេស​កូរ៉េខាងជើង។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានចូល​រួមជំនួបកំពូលលើក​ទីពីរ​ជាមួយ​លោក ដូណាល់ ត្រាំ ក្នុងទីក្រុងហាណូយ​នៃប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី២៧-២៨ ខែកុម្ភៈ និងបន្តបំពេញ​ដំណើរទស្សនកិច្ច​ តបតាម​ការអញ្ជើញ​ពីប្រមុខរដ្ឋវៀតណាម លោក ង្វៀន ភូត្រុង រហូតដល់​រសៀលថ្ងៃសៅរ៍​សប្តាហ៍មុននេះ និងទើបមក​ដល់កូរ៉េខាងជើងវិញ​​នៅព្រឹក​ថ្ងៃអង្គារ​នេះប៉ុណ្ណោះ ​តាមរយៈខ្សែរថភ្លើង​ពិសេស៕