(ការ៉ាកាស់)៖ មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaidó បានត្រឡប់ទៅដល់ទីក្រុងការ៉ាកាស់វិញតាមពាក្យសន្យា ហើយ បើទោះជាលោកក៏កំពុងប្រឈមមុខនឹងការចាប់ខ្លួនដាក់ពន្ធនាគារពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាល លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

លោក Juan Guaidó បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងការ៉ាកាស់ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោមការទទួល​ស្វាគមន៍ពីមន្ត្រីទូតអឺរ៉ុបជាច្រើននាក់ រួមទាំងអ្នកគាំទ្ររាប់ពាន់នាក់ផងដែរ។ ថ្លែងនៅចំពោះមុខអ្នកគាំទ្រ លោក Guaidó បានលើកឡើង ដូច្នេះថា៖ «យើងបានត្រឡប់មកដល់វេណេស៊ុយអេឡាវិញ...ដូច្នេះយើងនឹងកាន់តែរឹងមាំលើសពេលណាៗទាំងអស់ ហើយយើង នឹងលុបបំបាត់រាល់ការគាបសង្កត់នៅក្នុងប្រទេសវេណេស៊ុយអេឡានាពេលឆាប់ៗនេះ។ ពួកគេមិនអាចបញ្ឈប់យើងបាន​ឡើយ»

គួរបញ្ជាក់ថា លោក Juan Guaidó កំពុងប្រឈមមុខនឹងការចាប់ខ្លួនដាក់ពន្ធនាគារពីសំណាក់អាជ្ញាធរនៃរបបដឹកនាំលោក ម៉ាឌូរ៉ូ ដែល ចោទប្រកាន់លោកថាបានរំលោភលើបទបញ្ជារបស់តុលាការកំពូលដែលហាមលោក​ចាកចេញទៅក្រៅប្រទេស។ ប៉ុន្តែ ព្រមពេលជាមួយគ្នា សហរដ្ឋអាមេរិកក៏បានព្រមានរដ្ឋាភិបាលទីក្រុងការ៉ាកាស់ដែរថានឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានចាប់ខ្លួនមេបក្ស ប្រឆាំងរូបនេះ៕