(វ៉ាស៊ីនតោន)៖ ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​លោក ចន បូលតុន (John Bolton) បានព្រមាន​ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ ទុកជាមុនថា នឹងត្រូវប្រឈមមុខ​នឹងផលវិបាក​ដ៏ធ្ងន់ធ្ងរ ព្រមទំាងវិធានការ​យ៉ាងម៉ឺងម៉ាត់​ពីសហរដ្ឋអាមេរិក បើសិនជា​ហ៊ានរារាំង​មេបក្សប្រឆំាង​លោក ជូនអាន ហ្គៃដូ (Juan Guaido) មិនឱ្យចូលប្រទេស​វេណេស៊ុយអេឡាវិញ ​ដោយ​សុវត្ថិភាពនោះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។

លោក Bolton ធ្វើការព្រមាន​បែបនេះ​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក Guaido ដែលបានប្រកាស​តែងតាំងខ្លួនឯង​ជា ប្រធានាធិបតីស្ដីទីនោះបានប្រកាសថា លោកនឹង​ត្រឡប់​ចូលស្រុក​វិញ​នៅថ្ងៃចន្ទនេះ (ម៉ោងនៅ​វេណេស៊ុយអេឡា) បើទោះជាត្រូវអាជ្ញាធរ​ទីក្រុងការ៉ាកាស់ ចាប់ខ្លួន​ក៏ដោយ។ ប៉ុន្តែមក​ទល់នឹង​ពេលនេះ គេមិនទាន់​ដឹងច្បាស់នៅ​ឡើយ​ទេថា តើមេដឹកនាំ​បក្សប្រឆាំងរូបនេះ​នឹងត្រឡប់​ចូលស្រុក វិញដោយ​របៀបណា ហើយលោក ម៉ាឌូរ៉ូ នឹងចាត់វិធានការ​យ៉ាងដូចម្ដេច ស្របពេល​ចៅក្រមតុលាការកំពូល​វេណេស៊ុយអេឡា​ប្រកាស​ថា លោក Guaido អាច​ជាប់ពន្ធនាគារ ៣០ឆ្នាំ ពីបទ​រំលោភលើបញ្ជា​របស់តុលាការ​កំពូល ដែលហាម​លោកមិន​ឱ្យចេញ​ពីប្រទេស។

គួររំលឹកថា លោក Juan Guaido បានប្រកាស​តែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី​វេណេស៊ុយអេឡា កាលពីខែមករា​កន្លងទៅ ក្រោម​ការគាំទ្រពីសំណាក់​សហរដ្ឋអាមេរិក និងប្រទេសចំនួន ៥០ផ្សេងទៀតដែលជាសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ​ទន្ទឹមគ្នារុស្ស៊ី ចិន គុយបា និងតួកគីជា​ដើមនៅតែ​ចាត់ទុក​ដដែលថា លោក ម៉ាឌូរ៉ូ គឺជាប្រធានាធិបតី​ស្របច្បាប់​តែមួយគត់​របស់​វេណេស៊ុយអេឡា ហើយពួកគេបានចាត់ទុកលោក Guaido គ្រាន់ជាអាយ៉ងម្នាក់របស់​សហរដ្ឋអាមេរិក​តែ​ប៉ុណ្ណោះ៕