BREAKING NEWS: មានសេចក្តីរាយការណ៍ថា «វៀតណាមអាចរំលោភទណ្ឌកម្មអន្តរជាតិ» ដោយលួចដឹកប្រេងទៅកូរ៉េខាងជើង កំឡុងនៃជំនួបកំពូលត្រាំ-គីម (Video Inside)
28-02-2019 13:45
(ហាណូយ)៖ នាវាដឹកប្រេងមួយគ្រឿងរបស់វៀតណាម បានដឹកជញ្ជូនប្រេងសាំង ២,០០០តោនទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនេះអាចជាទង្វើរំលោភលើទណ្ឌកម្មអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងទីក្រុងព្យុងយ៉ាង។ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន Refinitiv ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ការចេញផ្សាយទិន្នន័យរបស់ក្រុមហ៊ុន Refinitiv ធ្វើឡើងចំពេលលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងកិច្ចចរចាដ៏សំខាន់ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ព័ត៌មាននេះទៀតសោតកើតមានឡើង ខណៈលេច លឺដំណឹងថា កាលវិភាគនៃជំនួបរវាងមេដឹកនំាទាំងពីរ ត្រូវបានផ្លាស់ប្ដូរភា្លមៗ រីឯជំនួបទទួលទានអាហារពេលល្ងាច ក៏ត្រូវបានលុបចោលដោយមិនបញ្ជាក់មូលហេតុថែមទៀត។
ក្រុមហ៊ុន Refinitiv ផ្អែកលើទិន្នន័យដឹកជញ្ជូនរបស់ខ្លួនបានបញ្ជាក់ទៀតថា នាវាដឹកប្រេង វៀតទីន ០១ (Viet Tin 01) បានទៅដល់ខាងក្រៅកំពង់ផែ ណាមផូ (Nampo) នៃភាគខាងលិចឆ្នេរប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅជាមួយប្រេងសាំង ២,០០០តោន។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា នាវាដឹកប្រេងវៀតណាម Viet Tin 01 បានទម្លាក់ប្រេងចុះនៅកំពង់ផែ Nampo ឬយ៉ាងណានោះទេ តែការដឹកជញ្ជូននេះអាចនឹងត្រូវបានចាត់ទុកថា ជាទង្វើរំលោភបំពានលើទណ្ឌកម្មអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងទីក្រុងព្យុងយ៉ាង៕