(តូក្យូ)៖ នាយករដ្ឋមន្រ្តីជ​ប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយនាថ្ងៃចន្ទសប្តាហ៍នេះថា ​គម្រោងរុះរើទីតាំងដ៏ចម្រូងចម្រាស​នៃ​​​​មូលដ្ឋានយោធាអាមេរិកនៅប្រជុំកោះអូគីណាវ៉ា នឹងពុំមានការប្រែប្រួលឡើយ ទោះបីជាប្រជាជននៅទីនោះបានធ្វើប្រជា​មតិ​​ហើយ​សំឡេង​ភាគ​ច្រើន​បានជំទាស់នឹងផែនការនេះក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។​

លោក អាបេ បានលើកឡើងយ៉ាងដូច្នេះថា «វាមានរយៈពេល២០ឆ្នាំហើយ ចាប់តាំងពីជប៉ុននិងសហរដ្ឋអាមេរិក​បាន​ព្រម​ព្រៀង​គ្នាផ្លាស់ប្តូរទីតាំងមូលដ្ឋានទ័ព Futenma ដូច្នេះហើយយើងមិនអាចពន្យាពេលទៀតឡើយ​»។ ការបញ្ជាក់របស់ លោក អាបេ ធ្វើ​ឡើងបន្ទាប់ពីប្រជាជន​ភាគច្រើននៅ​​អូគីណាវ៉ា បានសម្តែងការជំទាស់ចំពោះគម្រោងនេះ នៅក្នុងការធ្វើប្រជាមតិមួយនាចុង​សប្តាហ៍​មុន​។​

គួរជម្រាបថា ប្រជុំកោះអូគីណាវ៉ាគឺជាដែនដីមួយចំរៀកតូចប៉ុណ្ណោះនៃប្រទេសជប៉ុន ក៏ប៉ុន្តែ​ខេត្តនេះជាជម្រក​នៃ​​​កម្លាំងទ័ព​​ជាង​ពាក់​កណ្តាល ក្នុងចំណោមទ័ពចំនួនប្រមាណជា៤៧,០០០នាក់​របស់សហរដ្ឋអាមេរិក។ វត្តមានយោធាអាមេរិកដ៏ច្រើនបែប​នេះ​ បានបង្កបញ្ហាផ្សេងៗដល់​ប្រជាជនជប៉ុនដែលរស់នៅទីនោះ រួមមានទាំងសំឡេងរំខាន រហូតដល់​គ្រោះថ្នាក់និងបទល្មើស​នានា​។

ដើម្បីបន្ធូរបន្ថយ​ភាពតានតឹង សហរដ្ឋអាមេរិកនិងជប៉ុនបានព្រមព្រៀងគ្នាកាលពីឆ្នាំ១៩៩៦ ដើម្បី​រុះរើ​បន្ទាយ Futenma ចេញ​ពីតំបន់ដែលមានមនុស្សរស់នៅច្រើន ទៅកាន់​ទីតាំងដាច់ឆ្ងាយមួយនៅជាប់ឆ្នេរសមុទ្រ នៅអូគីណាវ៉ាដដែល។ ប៉ុន្តែ​ប្រជាជន​អូគីណាវ៉ា ចង់​ឃើញមូលដ្ឋានយោធានេះរើចេញពីអូគីណាវ៉ាតែម្តង ព្រោះថាបន្ទុកនៃការទទួលទ័ពអាមេរិកឲ្យឈរជើង គួរ​តែ​ត្រូវ​ចែក​រំលែក​​​ឲ្យស្មើភាពគ្នានៅទូទាំងប្រទេសជប៉ុន៕