(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងមិនទាន់អនុវត្តន៍ការដំឡើងពន្ធ​លើទំនិញ​ចិន​នា​ថ្ងៃទី០១ ខែមីនា ខាងមុខនេះឡើយ ហើយសង្ឃឹមថានឹងអាចជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មថ្មីរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​ចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកប្រធានាធិបតីអាមេរិកបានធ្វើការប្រកាសបែបនេះនៅលើទំព័រ​ Twitter របស់លោក។ លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះ​ថា លោកនឹងពន្យាពេលការដំឡើងពន្ធលើផលិតផលចិន ដែលកន្លងមកត្រូវបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ដោយសារ បើតាមការអះអាងរបស់លោក គឺអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ កិច្ចចរចាលើបញ្ហាពាណិជ្ជកម្មរវាងប្រទេស​ទាំង​ពីរ​បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា លោកនិងលោក ស៊ី ជីនពីង ប្រហែលអាចជួបមុខគ្នាក្នុងពេល​ឆាប់ៗ ខណៈដែលមានសេចក្តីរាយការណ៍ព័ត៌មានថា ក្រុមមន្រ្តីអាមេរិកនិងចិន កំពុងពិភាក្សាគ្នាអំពីការរៀបចំកិច្ចប្រជុំកំពូល​មួយនាចុងខែមីនា រវាងមេដឹកនាំនៃប្រទេសទាំងពីរ។

គួរជម្រាបថា សហរដ្ឋអាមេរិកនិងចិនបានធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ចាប់តាំងពីលោក ត្រាំ បានប្រកាសនៅ​ខែមិថុនា​ ឆ្នាំ២០១៨ថា ទីក្រុងវ៉ាស៊ីនតោននឹង​ដំឡើងពន្ធ២៥ភាគរយលើទំនិញចិនគិតជាទំហំទឹកប្រាក់ស្មើនឹង៥០ពាន់លានដុល្លារ ដើម្បី​ស្តាឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងវិញ។ ចាប់ពីនោះមក អាមេរិកនិងចិនបានប្រកាសដំឡើងពន្ធដាក់គ្នាទៅវិញ​ទៅមកជាបន្តបន្ទាប់រហូតដល់ខែធ្នូ ជាពេលដែលលោក ត្រាំ និង លោក ស៊ី ​បានយល់ព្រមផ្អាកសង្រ្គាមនេះរយៈពេល​៩០​ថ្ងៃ​ ដើម្បីទុកឱកាសឲ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ៕