​(ប៉េកាំង)៖ ក្រសួង​ការបរទេស​ចិនបាននិយាយថា ការបញ្ជូន​ជំនួយមនុស្សធម៌​ទៅកាន់ប្រទេស​វេណេស៊ុយអេឡា មិនគួរត្រូវបានធ្វើឡើងដោយ​ការបង្ខិតបងំ្ខ​នោះទេ ព្រោះវាមានតែនាំ​ផ្ទុះអំពើហិង្សា​តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃ​នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក ជែង ហ្សាង (Geng Shuang) ក៏បាន​បញ្ជាក់ដែរថា ទីក្រុងប៉េកាំង​ជំទាស់ជា​ដាច់ខាត ចំពោះការធ្វើអន្តរាគមន៍​យោធាណាមួយ​ ទៅក្នុងប្រទេស​វេណេស៊យអេឡា។

អ្នកនាំពាក្យ​រូបនេះបាន​លើកឡើងយ៉ាងដូច្នេះថា «បើសិនជាការ​បញ្ជូនជំនួយមនុស្សធម៌ ​ទាំងបង្ខំទៅកាន់​វេណេស៊ុយអេឡា​អាចនឹង បង្កទៅជាអំពើហិង្សា និងការប៉ះទង្គិចគ្នាព្រមទាំង​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ... ទាំងនេះហើយ​គឺអ្វីៗដែលយើងគ្រប់គ្នា​មិនចង់ឱ្យវា កើតឡើង។ ម្យ៉ាងវិញទៀត យើងក៏ប្រឆាំងជំទាស់ជាដាច់ខាតផងដែរ ទៅនឹងរាល់ធ្វើអន្តរាគមន៍យោធា និងសកម្មភាពទាំងអស់ ដែលបង្កចលាចល​នៅក្នុងប្រទេស​វេណេស៊ុយអេឡា»។

គួរបញ្ជាក់ថា ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសបិទ​ព្រំដែនជាមួយប្រទេស​ប្រេស៊ីល ក៏ដូចជាកូឡុំប៊ី នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ខណៈមេបក្សប្រឆាំង​លោក Juan Guaido និងតំណាងរាស្ត្រ ៨០នាក់ផ្សេង ទៀតត្រូវបាន​គេរំពឹងថា នឹងអមដំណើរក្បួន​រថយន្ដដឹកជំនួយមនុស្សធម៌​អាមេរិក ចូលក្នុងប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈនេះ (ម៉ោងនៅក្នុងតំបន់) ប៉ុន្តែរឿងរ៉ាវទៅជាយ៉ាងណានោះ គឺមិនទាន់មាន​នរណាអាចសន្និដ្ឋាន​បានឡើយ​នាពេល​នេះ៕