(ពិភពលោក)៖ ខណៈ​ដែល​អ្នក​សង្កេតការណ៍​ជា​ច្រើន​បាន​រិះគន់​ទៅ​លើ​កិច្ច​ព្រមព្រៀង​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង​​ក្នុង​កិច្ច​ប្រជុំ​កំពូល​កាល​ពី​ឆ្នាំមុន ​នៅ​ប្រទេស សិង្ហបុរី ដោយ​សារ​តែ​ការ​ប្រើប្រាស់​ភាសា​មិន​ច្បាស់លាស់ និង​ការ​ខ្វះ​ការសន្យា​នោះ ក៏​មាន​មជ្ឈដ្ឋាន​ខ្លះ​​អះអាង​ថា ​កិច្ច​ប្រជុំ​កំពូល​លើ​នេះ​ពិត​ជា​មាន​ប្រយោជន៍​ជា​ខ្លាំង​ ក្នុង​ជំហាន​ឆ្ពោះ​ទៅ​រក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ដែល​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា​អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ។

ក្នុង​កិច្ច​ជំនួប​លើក​នេះ លោក Trump នឹង​ព្យាយាម​ធ្វើ​ឱ្យ​កូរ៉េខាងជើង ប្តេជ្ញា​ដើម្បី​បោះ​ជំហាន​ទៅ​រក​ការ​លុប​បំបាត់​អាវុធ​នុយ​ក្លេអ៊ែរ ខណៈ​អាទិភាព​ចម្បង​របស់​លោក Kim គឺ ការ​ទទួល​បាន​ជំនួយ រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ដើម្បី​រំដោះ​សេដ្ឋកិច្ច​ខ្លួន​។ មាន​ន័យ​ថា ភាគី​ទាំង​ពីរ​មាន​បំណង​ចង់​បាន​ផល​ចំណេញ​រៀង​ៗ​ខ្លួន ពី​កិច្ច​ជំនួប​ខាង​លើ​នា​ពេល​ខាងមុខ។

ខាង​ក្រោម​នេះ​ជា​៤​ចំនុច​សំខាន់​ៗ សម្រាប់​លោក​ Trump ដើម្បី​អាច​កេង​ចំណេញ​ផល​ប្រយោជន៍​ពី​ជំនួប​​ខាងមុខ​នេះ​៖

១៖ ស្នើ​​ឱ្យ​ប្រទេស​កូរ៉េខាងជើង​ផ្ដល់​បញ្ជី និង​ព័ត៌មាន​ជុំវិញ​អាវុធ​នុយក្លេអ៊ែរ​ទាំង​អស់​
សំណូម​ពរ​នេះ​ស្ដាប់​ទៅ​ហាក់​ដូច​ជា​ឆ្គង​​បន្តិច​ព្រោះ​យើង​ដឹង​ច្បាស់​ថា កូរ៉េខាងជើង ទំនង​ជា​​មិន​យល់​ព្រម​តាម​សំណើ​នេះ​ងាយ​ៗ​នោះ​ទេ ប៉ុន្តែ​​យ៉ាង​ហោច​ណាស់​វា​អាច​ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​កេង​ចំណេញ​​នយោបាយ។

បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​ចុង​ក្រោយ​បំផុត លោក​ Trump បាន​ប្រកាស​ថា ​កូរ៉េខាងជើង លែង​ជា​​តួអង្គ​គំរាម​កំហែង​នុយក្លេអ៊ែរ​ទៀត​ទៅ​ទៀត​​ឡើយ។ តែ​ការ​ពិត​ទៅ​​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង នៅ​តែ​មាន​កាន់​កាប់​អាវុធ​នុយក្លេអ៊ែរ​ជា​ច្រើន ​មិន​ខុស​ពី​មុន​ពេល​កិច្ច​ប្រជុំ​នោះ​ទេ ហើយ​នៅ​តែ​មិន​ទាន់​បាន​ផ្តល់​នូវ​ផែនទី​បង្ហាញ​ផ្លូវ ឬ​កាល​​បរិច្ឆេទ​ច្បាស់​លាស់​ណា​មួយ សម្រាប់​ការ​លុប​បំបាត់​អាវុធ​ទាំង​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះនា​​ពេល​ថ្មី​ៗ​នេះសាកលវិទ្យាល័យ Stanford បាន​ចេញ​ផ្សាយ​លទ្ធផល​ស្រាវ​​ស្រាវជ្រាវ ដែល​​បង្ហាញ​ថា ​កូរ៉េខាងជើង​នៅ​តែ​បន្ត​ផលិត​សារធាតុ Plutonium និង​​ Uranium បន្ថែម​ទៀត​។ រហូត​មក​ទល់​ពេល​នេះប្រទេស កូរ៉េខាងជើង​នៅ​តែ​មិន​ទាន់​បង្ហាញ​​ច្បាស់​ថា ​តើ​ខ្លួន​មាន​សព្វាវុធ​ប្រល័យ​លោក​ប៉ុន្មាន ព្រមទាំង​មិន​បាន​បង្ហាញ​​ព័ត៌មាន​ជាក់លាក់​នៃ​អាវុធ​ទាំងនោះ​តើ​ត្រូវ​រក្សា​ទុក​នៅ​ទីណា​នោះ​ទេ។

២៖ យល់​ព្រម​ផ្តល់​​រង្វាន់​លួង​ចិត្ត​ដល់​ប្រទេស កូរ៉េ​ខាង​ជើង ដោយ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាង​ត្បូង​ជា​ដើម
តាម​រយៈ​ការ​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​នេះ លោក Trump អាច​ជួយ​សន្សំ​ប្រាក់​ខ្លះ ព្រម​ទាំង​អាច​ធ្វើ​ឱ្យ​កូរ៉េខាងជើង​សប្បាយ​ចិត្ត​តាម​រយៈ​​បញ្ឈប់​ការ​ធ្វើ​សម​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ដែល​​ជា​សម​យុទ្ធ​ការពារ​កូរ៉េខាងត្បូង​ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​កូរ៉េខាងជើង។

ម្យ៉ាង​ទៀត​នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ក្នុង​ការ​ផ្អាក​ការ​ធ្វើ​សម​យុទ្ធ​ព្រោះ​កន្លង​មក​សម​យុទ្ធ​ប្រចាំ​ឆ្នាំ​មួយ​ចំនួន​ រវាង​សហរដ្ឋអាមេរិក​ជាមួយ​កងទ័ព​ប្រទេស​កូរ៉េខាងត្បូង​ ធ្លាប់​ត្រូវ​បាន​កាត់​បន្ថយ ឬ​ផ្អាក​រួច​ទៅ​ហើយ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ​។ កន្លង​មក​ប្រទេស​កូរ៉េខាងជើង រិះគន់​និង​ព្រមាន​សងសឹក បើ​សិន​កង​ទ័ព​អាមេរិក ឬ​កូរ៉េខាងត្បូង ចូល​ទៅ​កៀក​ព្រំដែន​ខ្លួន។

ការ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​បែប​នេះ​នឹង​ក្លាយ​ជា​​កាយវិការ​សុច្ឆន្ទៈ​មួយ ម្យ៉ាង​ទៀត​នឹង​មិន​ធ្វើ​ឱ្យ​អាមេរិក​ខុស​ពាក្យ​សន្យា​​ការ​ពារ​​កូរ៉េខាងត្បូង ដោយ​ហេតុ​ថា អាមេរិក​អាច​រក្សា​ពាក្យ​សន្យា​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​មូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

ជា​មួយ​គ្នា​នេះ រដ្ឋាភិបាល​ឆ្វេង​និយម​របស់​កូរ៉េខាងត្បូង នឹង​ពេញ​ចិត្ត​នូវ​សំណូម​ពរ​ក្នុង​ការ​បោះបង់​សមយុទ្ធ​នេះ​ ខណៈ​ដែល​រដ្ឋបាល​កូរ៉េ​ខាង​ត្បូង​បច្ចុប្បន្ន​ចាត់​ទុក​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​ជា​បញ្ហា​ដ៏​សំខាន់​ដែល​រារាំង​ដល់​កិច្ច​ចរចា​ជាមួយ​កូរ៉េខាងជើង។ ហេតុ​នេះ​ការ​សម្រេច​ចិត្ត​ផ្អាក​សមយុទ្ធ​យោធា​នេះ ធ្វើ​ឱ្យ​កូរ៉េខាងជើង​សប្បាយ​ចិត្ត កូរ៉េ​ត្បូង​ក៏​មិន​អន់​ចិត្ត អាមេរិក​ក៏​ចំណេញ​ដែល​ អាច​ចាត់​ទុក​បាន​ថា ជា​នយោបាយ ឈ្នះ, ឈ្នះ, ឈ្នះ។

៣៖ បែង​ចែក​ឱ្យ​ច្បាស់​ថា កិច្ច​ចរចា​នេះ​ផ្តោត​​សំខាន់​​តែ​ទៅ​​លើ «​​​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​​កូរ៉េខាង​ជើង» ការ​មិន​មែន «វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ» នោះទេ
នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នៅ​សឹង្ហបុរី បាន​ចែង​ថា​ភាគី​ទាំង​ពីរ​នឹង​ឆ្ពោះទៅ​រក​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង នៅ​លើ​ឧបទ្វីប​ទាំងមូល។ ហើយ​ក្នុង​កិច្ច​ជំនួប​កំពូល​នេះ មិន​បាន​បញ្ជាក់​ច្បាស់​ថា វា​សំដៅ​លើ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះ​ទេ។

សូម​សង្កត់​ធ្ងន់​បន្តិច សម្រាប់​កូរ៉េខាងជើង​យល់​ថា ទោះ​បី​អាមេរិក​មិន​បាន​ដាក់​ពង្រាយ​នុយក្លេអ៊ែរ​​នៅ​ឧបទ្វីប​កូរ៉េ​ពិត​មែន ប៉ុន្តែ​អាមេរិក​អាច​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ការ​ពារ​កូរ៉េខាងត្បូង​ក្នុង​ករណី​ចាំ​បាច់​ណា​មួយ។ ដូច្នេះ​តាម​រយៈ​កិច្ច​ព្រមព្រៀង​លើក​មុន ​កូរ៉េ​ខាង​ជើង បក​ស្រាយ​ថា «ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ» អាច​កើត​ឡើង​បាន​លុះ​ត្រា​គ្មាន​វត្តមាន​យោធា​​នៅ​កូរ៉េ​ខាង​ត្បូង ដែល​ផ្ទុយ​ទាំង​ស្រុង​ពី​ការ​យល់​ឃើញ​របស់​សហរដ្ឋអាមេរិក។

ច្បាស់​ណាស់​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ ក្នុង​ការ​ធ្វើ​ឱ្យ​ភាគី​ទាំង​ពីរ​យល់​ស្រប​គ្នា​ពីអ្វី​ទៅ​ជា​​អត្ថន័យ​ពិត​ប្រាកដ​នៃ​ពាក្យ​ថា «​លុប​បំបាត់​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីប​កូរ៉េ» ​ប៉ុន្តែ​យ៉ាង​ហោច​ណាស់ នៅ​ក្នុង​ប្រជុំកំពូលហាណូយ Trump ត្រូវ​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ការ​ដក​កង​ទ័ព​អាមេរិក​ទាំង​អស់​ពី​កូរ៉េខាងត្បូង មិន​ត្រូវ​បាន​លើក​មក​ក្នុង​កិច្ច​ចរចា​ឡើយ ប្រសិនបើ កូរ៉េខាងជើង​ចង់​ឱ្យ​មាន "វិធានការណ៍​ច្បាស់​លាស់​ទាក់​ទង​នឹង​រឿង​នេះ​" ជំហាន​ដំបូង​កូរ៉េខាងជើង​ត្រូវ​ធ្វើ​តាម​សំណូម​ពរ​មួយ​ចំនួន​ដែល​អាមេរិក​ស្នើ​ជាមុន​សិន​។

៤៖ ស្នើ​បង្កើត​គម្រោង​ការងារ​ច្បាស់​លាស់​ និង​កិច្ច​ពិភាក្សា​ជា​បន្ត​ទៅ​ថ្ងៃ​ខាង​មុខ
ជា​ការ​ពិតកិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​ទាំង​ពីរ ត្រូវ​បាន​លាត​ត្រដាង​ជាសាធារណៈ​ដែលតែង​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ខ្ពស់​ពី​មជ្ឈដ្ឋាន​ទូទៅ ដោយ​ឡែក​បើ​និយាយ​ពី​កិច្ចការ​ដែល​ត្រូវ​អនុវត្ត​ពិត​ប្រាកដ​បន្ទាប់​ពី​កិច្ច​ចរចា ត្រូវ​បាន​លាក់​បាំង​ទៅវិញ។ មិន​ដឹង​ថា តើ​ដើរ​ដល់​ចំណុច​ណាសម្រេច​បាន​លទ្ធផល​បែបណា តើ​នឹង​មាន​កិច្ច​ជំនួប​ណា​មួយ ដើម្បី​ពិនិត្យ​តាម​ដាន និង​វាយ​តម្លៃ​ដែរ​ឬទេ។

លោក Stephen Biegun មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​របស់​សហរដ្ឋអាមេរិក ដែល​ចាត់​ចែង​រៀបចំ​កិច្ច​ចរចារ​ជាមួយ​កូរ៉េខាងជើងថ្មីៗ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​ព្យុងយ៉ាង​ដើម្បី​រៀប​ចំ​កិច្ច​ជំនួប​នៅ​ហាណូយ​បាន​លើកឡើង​ថា «កិច្ចខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត»​ ជា​កត្តា​​ដ៏​ចាំ​បាច់​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​កើត​ឡើង។ ការ​លើកឡើង​បែប​នេះ គ្រាន់​តែ​ជា​ភាសា​និយាយ​បែប​គួរសម​ដើម្បី​ស្រួល​ស្តាប់​ប៉ុណ្ណោះ តែ​ការ​ពិត​ទៅ​គឺ​លោក​ចង់​មាន​​ន័យ​ថា ភាគី​ទាំង​ហាក់​នៅ​ឆ្ងាយ ពិបាក​ក្នុង​ការ​​ឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​រួម​គ្នា​​ណាស់ យើង​ហាក់​ពិបាក​ក្នុង​ការ​រំពឹង​ថា​នឹង​បាន​លទ្ធផល​ផ្លែផ្កា​​បន្តិច។ ដោយ​ហេតុ​នេះ លោក​ Trump គួរ​ស្នើ​ឱ្យ​បង្កើត​​គម្រោង​ច្បាស់​លាស់​ដើម្បី​បន្ត​កិច្ច​ប្រជុំ​រវាង​មន្ត្រី​អ្នកការទូត​នៃ​ភាគី​ទាំង​ពីរ​ជា​ការ​បន្ត​កិច្ច​ពិភាក្សា​ជា​បន្ត​អាច​ជំរុញ​សន្ទុះ​ឆ្ពោះ​ទៅ​រក​ការ​ការ​បង្កើតទំនាក់ទំនងការទូត​ជាផ្លូវការ និង​ឈាន​ទៅ​ដល់​ការ​បើកស្ថានទូត​នៅ​ទឹកដី​នៃ​ភាគី​ទាំង​សង​ខាង។

ខណៈ​ដែល​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​អាច​នឹង​​​ត្រូវ​ការ​ផ្លូវ​ដើរ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត តែ​យ៉ាង​ហោច​ណាស់​កូរ៉េខាងជើង ហាក់​កាត់​បន្ថយ​ការ​គំរាមកំហែង និង​ការ​បង្ក​រឿង​ហេតុ​ជាមួយ​សត្រូវ​របស់​ខ្លួន​។

ពី​មួយ​ជំនាន់​ទៅ​មួយ​ចំនួន ប្រជាជន​កូរ៉េខាងជើង​ជំនាន់​ក្រោយ អាច​មើល​ឃើញ​សហរដ្ឋអាមេរិក​ថា​ជា​ដៃ​គូ​ប្រកប​ដោយសក្តានុពល ជា​ជាង​ចាត់​ទុក​អាមេរិក​ជា​សត្រូវ​ ដែល​ការ​ទទួល​ស្គាល់​នេះ ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿង​ល្អ​ណាស់​ទៅ​ហើយ បើ​ទោះ​បី​កិច្ច​ជំនួប​កំពូល​ទាំង​ពីរ​លើក​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​លុប​បំបាត់​ការ​ទំនាស់​គ្នា​ដែល​ធ្លាប់​កើត​មាន​រាប់​ទសវត្សរ៍​មក​ហើយ​ក្តី៕