(អ៊ីស្លាម៉ាបាដ)៖ ប៉ាគីស្ថានបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាក៏ដូចជាជួយឥណ្ឌាស៊ើបអង្កេតលើករណីវាយ​ប្រហារ​​ដ៏​អាក្រក់​​នៅតំបន់កាស្មៀរនាពេលថ្មីៗនេះ ប៉ុន្តែនឹងធ្វើការសងសឹកតបតទៅវិញ ប្រសិនបើទីក្រុងញូដេលីហ៊ានបើកការវាយប្រហារ​មក​លើខ្លួន។ នេះបើតាមនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan ដកស្រង់សម្តីដោយសារព័ត៌មាន Arab News នៅល្ងាចថ្ងៃ​​អង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងឱកាសថ្លែងទៅកាន់ប្រជាជាតិតាមកញ្ចក់ទូរទស្សន៍ លោក Khan បាននិយាយយ៉ាងដូច្នេះថា «ប៉ាគីស្ថាននឹងពុំគ្រាន់​តែ​គិត​ថាចង់សងសឹកទេ គឺប៉ាគីស្ថានច្បាស់ជានឹងសងសឹកតែម្តង​ បើសិនជាទទួលរងការវាយប្រហារ» ហើយ​​លោកបានទាមទារ​ឲ្យ​​ទីក្រុងញូដេលី ចែករំលែកក៏ដូចជាបង្ហាញភស្តុតាងជាក់ស្តែង ដែលបញ្ជាក់ថា​ ទីក្រុងអ៊ីស្លាម៉ាបាដ មានជាប់ពាក់ព័ន្ធនឹង​ករណី​បំផ្ទុះគ្រាប់បែកអត្តឃាត​កាលពីសប្តាហ៍មុន នៅផ្នែកនៃតំបន់កាស្មៀរ​ដែលគ្រប់ដោយ​ប្រទេសឥណ្ឌា​ ដែលបានផ្តាច់ជីវិតកង​កម្លាំង​សន្តិសុខឥណ្ឌាយ៉ាងតិច៤១នាក់។

ជុំវិញការផ្ទុះឡើងជាថ្មីនៃបញ្ហាវិវាទនេះ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បានស្នើឲ្យអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ​​ជួយ​បន្ធូរបន្ថយភាពតានតឹង​ជាមួយឥណ្ឌា ខណៈដែលភាពតានតឹងបានកើនឡើងខ្លាំង បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត​ស្លាប់កងកម្លាំងសន្តិសុខឥណ្ឌារាប់សិបនាក់ នៅតំបន់ជម្លោះកាស្មៀរខាងប្រទេសឥណ្ឌា ហើយ​ករណីនេះត្រូវទីក្រុងញូដេលី​ទម្លាក់កំហុសមកលើទីក្រុងអ៊ីស្លាម៉ាបាដ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដែលត្រូវប្រឈមមុខនឹង​ការបោះឆ្នោតក្នុង​ថ្ងៃ​ឧសភា​ខាងមុខ​ បានព្រមានឲ្យប៉ាគីស្ថានត្រៀមរង់ចាំការឆ្លើយតបយ៉ាងចាស់ដៃ ចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែក ដែល​ត្រូវ​ក្រុមសកម្ម ប្រយុទ្ធ​​មានទំនាក់ទំនងនឹងប៉ាគីស្ថានចេញមុខអះអាងថាជាស្នាដៃរបស់ពួកគេ។ ប្រការនេះបានបង្កក្តីព្រួយបារម្ភជាខ្លាំងអំពី​លទ្ធភាព​នៃ​​​ការប៉ះទង្គិចគ្នារវាង​ប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួននៅក្នុងដៃនេះ៕