(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ​គោលនយោបាយ​ដ៏តឹងរ៉ឹង​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទំនងជាទទួល​បានជោគជ័យហើយ ដោយ​សារតែ​ជនអន្តោប្រវេសន៍​ដែលមកប្រមូលផ្តុំគ្នា​នៅក្បែរព្រំដែន​អាមេរិក-ម៉ិចស៊ីកូ ទីបំផុតបានចាប់ផ្តើម​ត្រឡប់បកក្រោយ​វិញជាបណ្តើរៗ៕

២៖ រដ្ឋមន្ត្រីក្រសួង​ការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌូឡា (Saifuddin Abdullah) នឹងដឹកនាំក្រុម​មន្ត្រីម៉ាឡេស៊ី ដើម្បីចរចារឡើងវិញ​នូវតម្លៃទឹក ដែលបានលក់ទៅឲ្យប្រទេស​សិង្ហបុរី៕

៣៖ រដ្ឋមន្ត្រីការពារជាតិ​អង់គ្លេស លោក ហ្គាវីន វីលៀមសុន (Gavin Williamson) បានប្រកាសថា ទីក្រុងឡុងដ៍នឹងបង្កើន​វត្តមានយោធារបស់​ខ្លួននៅឯ តំបន់មហាសមុទ្រ​ទឹកកកអាក់ទិច (ប៉ូលខាងជើងផែនដី) ដើម្បី​ទប់ទល់នឹងសកម្មភាព​របស់រុស្ស៊ីនៅ​ក្នុងតំបន់៕

៤៖ ​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ម្នាក់បានឱ្យ​ដឹងថា រដ្ឋាភិបាល​ទីក្រុងញូដេលីនឹងបន្ត​ធ្វើពាណិជ្ជកម្ម ក៏ដូចជាទិញ​ប្រេងពីបណ្ដា​ប្រទេស ដទៃក្នុងនោះ​រួមមានទាំងប្រទេស​វេណេស៊ុយអេឡា បើទោះជា​សហរដ្ឋអាមេរិកបាន​ព្រមានមិនឱ្យប្រទេស​ទំាងអស់​នៅលើពិភពលោក ទិញប្រេងពី​ប្រទេសអាមេរិកឡាទីន​នេះ​ក៏ដោយ៕

៥៖ ព្រះអង្គម្ចាស់​ស្នងរាជ្យនៃព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) នាថ្ងៃអាទិត្យ បានចុះកិច្ចព្រមព្រៀង​​សរុបចំនួន ០៨ ជាមួយប្រទេស​ប៉ាគីស្ថាន ដែលមានទំហំជា​ទឹកប្រាក់ស្មើនឹង ២០ពាន់លានដុល្លារអាមេរិក៕

៦៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាវាមុជទឹកបំពាក់មីស៊ីល ផលិតនៅក្នុងស្រុក​ស៊េរីថ្មីចុងក្រោយបំផុត នៅចំពេលដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក៕