(គួយយ៉ាង)៖ ខេត្តគួយចូវស្ថិត​នៅតំបន់ប្រជុំភ្នំ នៃភាគនិរតីប្រទេសចិន​គ្រោងនឹងកសាង​បណ្តាញផ្លូវព្រៃប្រវែង ៦,០០០គីឡូម៉ែត្រ ដែលនឹងបញ្ចប់នៅឆ្នាំ២០២៥ ស្ថិតនៅក្នុង​បង្កើតបណ្តាញធ្វើដំណើរ ដែលមានការគិតគូរអំពីកិច្ចការពារ និងអភិរក្សបរិស្ថានធម្មជាតិ​ក្នុងកម្រិតខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សម្រាប់ខេត្តគួយចូវ (Guizhou) ត្រូវបានគេដឹងថា ជាជម្រកនៃធនធាន​ធម្មជាតិដ៏សម្បើម​របស់ប្រទេសចិន ដោយព្រៃឈើកំពុង​គ្របដណ្តប់ប្រមាណ ៥៧ភាគរយ នៅទូទាំងខេត្ត​ភាគនិរតីមួយនេះ ហើយ​អាជ្ញាធរចិនគ្រោង​កសាងផ្លូវព្រៃ​ដែលមានចំនួន ៥ខ្សែ និងប្រវែងសរុប ៦,០០០គីឡូម៉ែត្រ តភ្ជាប់ជាបណ្តាញនៅក្នុងតំបន់ព្រៃភ្នំនៃខេត្តមួយនេះ ដើម្បីសម្រួល​ដល់ការធ្វើដំណើរ ទេសចរណ៍ និងការអភិរក្ស​ធនធានចំរុះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ប្រទេសចិន​បានស្រូបភ្លៀវទេសចរ​​ប្រមាណ ១.៦ពាន់លាននាក់ មកទស្សនា​កម្សាន្តនៅតំបន់​ព្រៃឈើ និងឧទ្យានធម្មជាតិ​នានា​នៅទូទាំង​ប្រទេស ដោយក្នុងនោះ​ភាគច្រើនបំផុត​ គឺភ្ញៀវទេសចរ​ក្នុងស្រុកតែ​ម្តង។ ថ្វីត្បិតតែ​ប្រទេស​ចិនបាន​ទទួលរងការរិះគន់​ពីក្រុមអ្នកការពារ​បរិស្ថានអន្តរជាតិ​ អំពីខ្យល់ពុលក៏ដោយ ប៉ុន្តែបើ​តាមទិន្នន័យ​ពីរូបភាពផ្កាយរណប​អង្គការ NASA ថ្មីៗកន្លង​ទៅនេះ គម្របព្រៃឈើ​នៅ​ទូទាំង​ប្រទេសចិន​មានការកើន​ឡើងវិញគួរឲ្យភ្ញាក់ផ្អើល បើធៀប​នឹងកាល​ពី ២០ឆ្នាំមុន៕