(បាងកក)៖ កំណើនសេដ្ឋកិច្ចនៃប្រទេសថៃក្នុងឆ្នាំ២០១៨ គឺមានកម្រិតល្អប្រសើរ​បំផុតក្នុងរយៈពេល ០៦ឆ្នាំកន្លងទៅ ដោយនៅ​​​ត្រីមាសទី​៤ឆ្នាំមុន តម្រូវការក្នុង​ស្រុក និងចំនួនភ្ញៀវទេសចរមក​លេងប្រទេសថៃ​ មានកម្រិតខ្ពស់ជាងការរំពឹងទុក​ឆ្ងាយ។ នេះបើតាម​​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

​នាថ្ងៃចន្ទនេះ​​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​សង្គម និងសេដ្ឋកិច្ចថៃ បានចេញ​របាយការណ៍​ឲ្យដឹងថា កំណើនសេដ្ឋកិច្ច​កាលពីឆ្នាំ២០១៨​មានកម្រិត ​៤.១ភាគរយ ដែលជាអត្រា​ខ្ពស់បំផុតគិតចាប់តាំង​ពីឆ្នាំ២០១២មក ហើយនៅត្រីមាស​ទី ៤ នៃឆ្នាំទៅមិញនេះ ចំនួនផលិត​ផល​ក្នុងស្រុកសរុប (GDP) នៃប្រទេសថៃ​​ក៏បានកើនឡើង​ខ្ពស់ផងដែរ។ រីឯចំនួនភ្ញៀវទេសចរ​ដែលបានមក​ដើរកម្សាន្ត​វិញ​ក្នុង​អំឡុងពេល ០៣ខែចុង​ក្រោយ​នៃឆ្នាំ២០១៨ បានកើនឡើង ៤.៣ភាគរយ ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន (២០១៧)។

គួរជម្រាបថា យ៉ាងណាមិញ​ភាពវិជ្ជមានទាំងអស់ក្នុងវិស័យសេដ្ឋកិច្ចថៃនេះ អាចនឹងប្រឈម​ហានិភ័យខ្លាំង ដោយសារតែ​ការ​​អាច​កើតមានឡើងនូវ​ភាពវឹកវរ​ ប្រសិនបើ​ប្រជាជនថៃ​យល់ថា ការបោះឆ្នោត​សកល​ដែលគ្រោងនឹងប្រព្រឹត្តទៅជា​លើកដំបូង​បំផុត គិតចាប់តាំង​ពីរដ្ឋប្រហារយោធា​ឆ្នាំ២០១៤ នៅថ្ងៃទី២៤ ខែមីនា ខាងមុខ ពុំត្រូវបានធ្វើឡើងដោយ​សេរី និងមានតម្លាភាព​ទេនោះ​​៕