(ញូដេលី)៖ យោធាឥណ្ឌា​យ៉ាងហោច​ណាស់ ០៤នាក់ បានស្លាប់​នៅអំឡុងធ្វើប្រតិបត្តិការ​ប្រឆាំងនឹងពួក​ភេរវករ​ នៅក្នុងតំបន់ ភីងឡេន (Pinglan) របស់ទីក្រុង ផាល់វ៉ាម៉ា (Pulwama) នៃតំបន់កាស្មៀរ។ នេះបើតាមយោធា​ឥណ្ឌាដកស្រង់ចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាម​យោធា​ឥណ្ឌាប្រតិបត្តិការ​តាមប្រមាញ់ពួកភេរវករ​ ត្រូវបានធ្វើឡើង​នៅព្រឹកថ្ងៃចន្ទនេះតែម្ដង បន្ទាប់ពីទទួល​បានដំណឹងថា​​ ក្រុម​ភេរវករមានគ្នា ០៣នាក់មកពីក្រុម​សកម្មប្រយុទ្ធ ហ្សេសអ៊ីម៉ូហាំម៉េដ (Jaish-e-Mohammed) កំពុងលាក់ខ្លួន​នៅក្នុងតំបន់ Pinglan។ ប៉ុន្តែនៅក្នុង​ប្រតិបត្តិការនេះ ក៏មានការ​បាញ់តបតគ្នាទៅវិញទៅ​មកផងដែរ​ ជាហេតុបណ្ដាលឱ្យ​យោធាឥណ្ឌា ០៤នាក់ស្លាប់ ខណៈ​ពួកភេរវករ ០២នាក់​ត្រូវបាន​សម្លាប់។

គួរបញ្ជាក់ថា ប្រតិបត្តិការ​ប្រឆាំងភេរកម្មរបស់យោធា​ឥណ្ឌា ធ្វើឡើង​ក្រោយកង​កម្លាំងសន្តិសុខឥណ្ឌា ៤៦នាក់​បានបាត់បងជីវិត ​នៅក្នុង​ការវាយប្រហារ​បំផ្ទុះគ្រាប់បែកអត្តឃាត​ដ៏ប្រល័យលើក្បួន​រថយន្តរបស់ពួកគេ នៅក្នុងតំបន់កាស្មៀរ។ ចំណែកឯ ក្រុមសកម្ម​ប្រយុទ្ធ Jaish-e-Mohammed មានមូលដ្ឋាន​នៅក្នុងប្រទេស​ប៉ាគីស្ថាន បានចេញមុខ​ទទួលខុសត្រូវចំពោះ​ការវាយប្រហារនេះ​ដែលកំពុងបង្ក ជាជម្លោះ​ការទូតជាថ្មីរវាង​ទីក្រុងអ៊ីសា្លម៉ាបាត និងទីក្រុងញូដេលី រហូតដល់ទៅប៉ាគីស្ថាន​ប្រកាសហៅ​ប្រេសិតខ្លួន​ពីឥណ្ឌា ត្រឡប់​ទៅប្រទេស​វិញ៕