(ការ៉ាកាស់)៖ សមាជិកសភា​អឺរ៉ុបមួយក្រុមបានឱ្យដឹងថា ពួកគេត្រូវបាន​បណ្ដេញពីប្រទេស​វេណេស៊ុយអេឡា នៅពេល​ធ្វើដំណើរមក​ដល់​ភ្លាមៗ ប៉ុន្តែខាងរដ្ឋាភិបាល​ទីក្រុងការ៉ាកាស់​បានអះអាងថា ការបណ្ដេញចេញ​នេះធ្វើឡើង ដោយសារតែ​សមាជិកសភា​អឺរ៉ុបទាំងនេះកំពុង រៀបចំផែនការ​ប្រឆាំងនឹងរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមរយៈបណ្តាញសង្គម Twitter សមាជិកសភា​អឺរ៉ុបលោក ហ្គនហ្សឡេស ផនស៍ (Gonzalez Pons) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លិខិតឆ្លងដែន​របស់ពួកយើងត្រូវ​ដក​ហូត ហើយពួកយើង​ត្រូវបានគេបណ្ដេញចេញ​ពី​វេណេស៊ុយអេឡា។ នេះគឺជា​សកម្មភាព​ដ៏អាក្រក់ និងជាភស្តុតាង​បង្ហាញថា លោក ម៉ាឌ៉រូ មិនចង់ឱ្យពួក​យើងស្ថិតនៅ​ទីនេះ​ឡើយ»

តែជាការឆ្លើយតបការលើកឡើងខាងលើនេះ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានអះអាងថា សម្រេច​ចិត្តបែបនេះ​​ដើម្បីទប់ស្កាត់ភាព​ចលាចល​​នៅក្នុងស្រុក ព្រោះ​ក្រុមសមាជិកសភា​អឺរ៉ុប មានផែនការប្រឆាំង​នឹងរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ។ លោក Arreaza បានបញ្ជាក់បន្ថែមទៀតថា «អាជ្ញាធរវេណេស៊ុយអេឡា​ទទួល​បានដំណឹង​នេះ អស់រយៈពេល​ជាច្រើនថ្ងៃ​មកហើយ ពាក់ព័ន្ធ​នឹងនឹង​សមាជិក​សភាអឺរ៉ុបមួយ​ក្រុម ដែលមានបំណងបំពេញទស្សនកិច្ច​មកកាន់វេណេស៊ុយអេឡា ដើម្បីរៀបចំ​គម្រោងប្រឆាំង​នឹងរដ្ឋាភិបាល ទីក្រុង​ការ៉ាកាស់... នេះគឺជាទង្វើ​មិនអាចទទួល​យកបាន​ជាដាច់​ខាត»

គួរបញ្ជាក់ថា មកទល់នឹង​ពេលនេះ សហភាពអឺរ៉ុប​មិនទាន់ប្រកាសទទួល​ស្គាល់លោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតី​វេណេស៊ុយអេឡា​ឡើយ ខណៈបណ្ដា​ប្រទេសជាសមាជិក​មួយចំនួន នៅតែបន្តខ្វែង​គំនិតលើ​បញ្ហានេះ ដោយក្នុងនោះ​អ៊ីតាលី អ៊ែកឡង់ ក្រិក និងស្លូវ៉ាគី បានបដិសេធ​ទទួលស្គាល់មេបក្សប្រឆាំង​រូបនេះ ដែលប្រកាស​តែងតាំងខ្លួនឯងជា​ប្រធានាធិបតីស្ដីទី និងទទួលការ​គាំទ្រពីអាមេរិកនោះ៕