(គូឡាឡុំាពួ)៖ រដ្ឋមន្ត្រីក្រសួង​ការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌូឡា (Saifuddin Abdullah) នឹងដឹកនាំក្រុម​មន្ត្រីម៉ាឡេស៊ី ដើម្បីចរចារឡើងវិញ​នូវតម្លៃទឹក ដែលបានលក់ទៅឲ្យប្រទេស​សិង្ហបុរី។ នេះបើតាមសម្តី​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាម៉ាត់ មហាធា (Mahathir Mohamad) និងត្រូវបាន​ដកស្រង់ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

​បើទោះបីជា​លោកនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹង​យ៉ាងដូច្នេះក្តី ប៉ុន្តែលោកមិន​បានបញ្ជាក់ពី​ពេលវេលា និងទីកន្លែង​ដែលនឹងត្រូវធ្វើការ​ចរចាគ្នានោះទេ។ ​លោកត្រូវបាន​គេស្រង់​សម្តីថា «យើងនឹង​ត្រួតពិនិត្យ​នូវតម្លៃ ​៣សេនម៉ាឡេស៊ី (១ដុល្លារស្នើនឹង ៤.០៨ Ringgit) ក្នុង ១,០០០ហ្គាឡុង (ជាង ៣,៧០០លីត្រ) នៃទឹកឆៅ ដែលបាន​សម្រេចលក់ឲ្យទៅសិង្ហបុរី​នៅក្នុងឆ្នាំ១៩៦២។ ​លោកបន្តថា «នៅពេលនោះ (១៩២៦), តម្លៃ១សេន អាចទិញទំនិញបានច្រើន, ប៉ុន្តែបច្ចុប្បន្ន​តម្លៃ ១សេន យើងមិនអាចទិញអ្វីបាននោះទេ បើទោះបីជា ៣សេន ​ក៏យើងមិនអាចទិញអ្វីបានដែរ»។

កិច្ចព្រមព្រៀងទឹក​ដែលនឹងផុតកំណត់ នៅឆ្នាំ២០៦១ បានផ្តល់សិទ្ធិឲ្យ​សិង្ហបុរី យកទឹក ២៥០លានហ្គាឡុង ក្នុងមួយថ្ងៃ​ពីទន្លេចូហរ (Johor) របស់ម៉ាឡេស៊ី។ ទន្លេចូហរ ទទួលបានសិទ្ធិ​ក្នុងការផ្គត់ផ្គង់ទឹកស្អាត​ប្រចាំថ្ងៃ​រហូតដល់ទៅ ២ភាគរយ នៃទឹកដែលផ្គង់ផ្គង់​ឲ្យទៅសិង្ហបុរី។

​កាលពីខែមិថុនា ឆ្នាំ២០១៨ លោក មហាធា បានហៅតម្លៃទឹក​ដែលលក់ទៅឲ្យ​សិង្ហបុរី ថាជារឿង «គួរឲ្យអស់​សំណើច»។ លោកបន្ថែម​ថា ម៉ាឡេស៊ីមានបំណង​ធ្វើការចរចារឡើងវិញ ទៅលើកិច្ចព្រមព្រៀង​ផ្គត់ផ្គង់ទឹកនេះ។ ជាការឆ្លើយតប​វិញ, ក្រសួងការបរទេស​សិង្ហបុរី​បានលើកឡើងថា ទាំង​ម៉ាឡេស៊ី និងសិង្ហបុរី «ត្រូវតែគោរព​ឲ្យបាន​ពេញលេញ» នូវសេចក្តី​ថ្លែងការណ៍ នៃកិច្ចព្រមព្រៀង​ទឹកឆ្នាំ១៩៦២ និងកិច្ចព្រមព្រៀង​ផ្តាច់ចេញ​ពីគ្នា​ឆ្នាំ១៩៦៥៕