(អាល្លឺម៉ង់)៖ មន្រ្តីជាន់ខ្ពស់ចិន លោក Yang Jiechi បានលើកឡើងថា ទីក្រុងប៉េកាំងសង្ឃឹមថា សហរដ្ឋអាមេររិកនិងរុស្ស៊ីនឹងអាចវិលត្រឡប់​ទៅរកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ Intermediate-Range Nuclear Forces ហៅកាត់ថា INF ឡើងវិញ។ នេះបើតាមការដកស្រង់​ការ​ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងក្នុងការធ្វើសុន្ទរកថាគន្លឹះមួយនៅឯសន្និសីទសន្តិសុខអន្តរជាតិនៃទីក្រុង Munich លើកទី៥៥ នៅអាលឺ្លម៉ង់ លោក Yang បាន​បញ្ជាក់ថា ចិនគាំទ្រយ៉ាងមុតមាំចំពោះការរក្សាស្ថិរភាពផ្នែកយុទ្ធសាស្រ្តនៅលើពិភពលោក ហើយការប្រកាសរបស់សហរដ្ឋអាមេរិក​ជុំវិញ​ការ​ដកខ្លួន​ចេញ​ពីសន្ធិសញ្ញា INF បានជះផលវិបាកធ្ងន់ធ្ងរ និង​បានទទួលរងការរិះគន់ជាខ្លាំងពីសហគមន៍អន្តរជាតិ។ បើតាមលោក Yang Jiechi ចិន​សង្ឃឹម​ថា អាមេរិក​និង​រុស្ស៊ី​នឹង​អាចត្រឡប់ទៅរកសន្ធិសញ្ញានុយក្លេអ៊ែរដ៏សំខាន់នេះវិញ ហើយជំទាស់ដាច់ខាតចំពោះ​គំនិត​នៃ​ការ​ចង់​ប្រែ​ក្លាយ​វា​ឲ្យ​ទៅ​ជាសន្ធិសញ្ញាពហុភាគី។

គួរជម្រាបថា សន្ធិសញ្ញា INF ដែលត្រូវបានចុះហត្ថលេខាដោយ​សហភាពសូវៀត​និង​សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៨៧ បាន​ចូលជាធរមាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៨៨។ INF ហាមឃាត់ទៅលើ​ការដាក់ពង្រាយ​មីស៊ីល​ប្រភេទបាញ់ចេញពីផ្ទាល់ដីនានា ដែលមាន​រយៈចម្ងាយមធ្យម គឺពី១,០០០ទៅ៥,០០០គីឡូម៉ែត្រ និងរយៈចម្ងាយខ្លីពី៥០០ទៅ១,០០០គីឡូម៉ែត្រ។ កន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោន​បាន​ចោទប្រកាន់ជាច្រើនលើកច្រើនសាថា រុស្ស៊ីបានរំលោភលើសន្ធិសញ្ញានេះ ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធជានិច្ច ហើយ​បានបង្ហាញ​ក្តី​បារម្ភថា អាមេរិកទៅវិញទេ ដែល​ទំនងជាបានបំពានលើសន្ធិសញ្ញា INF។​

កាលពីថ្ងៃទី០១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រកាសអំពី​ការបញ្ឈប់កាតព្វកិច្ចរបស់វ៉ាស៊ីនតោន ដែលមាននៅក្រោមសន្ធិសញ្ញា INF ដោយចាប់ផ្តើមពីថ្ងៃទី០២ ខែកុម្ភៈ តទៅ ហើយវ៉ាស៊ីនតោន​​បាន​ប្តេជ្ញាថានឹងដកខ្លួនចេញឲ្យផុតពីសន្ធិសញ្ញានេះតែម្តងក្នុងរយៈពេល០៦ លុះត្រាតែរុស្ស៊ីបង្ហាញឲ្យឃើញពីការគោរពជាក់ស្តែងនិងអាចផ្ទៀត​ផ្ទាត់បានចំពោះសន្ធិសញ្ញា INF។

ដោយឡែក នៅថ្ងៃទី០២ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ទីក្រុងម៉ូស្គូក៏នឹងដកខ្លួនចេញពីសន្ធិសញ្ញា INF ដូចគ្នាដែរ ហើយបានបង្គាប់មិនឲ្យក្រុមមន្រ្តីរបស់លោក ចាប់ផ្តើមកិច្ចចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ ជុំវិញបញ្ហានេះ ដោយ​លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវតែបង្ហាញពីការត្រៀមលក្ខណៈរួចរាល់​ជាមុនសិន សម្រាប់​កិច្ច​សន្ទនា​ដែល​នឹង​ធ្វើ​ឡើង​ដោយ​ស្មើភាព ​និងមានគោលការណ៍មូលដ្ឋានរឹងមាំ៕