(ប៊ែរឡាំង)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយថាសហភាពអឺរ៉ុបត្រូវតែទទួលស្គាល់មេដឹកនាំបក្សប្រឆាំង លោក Juan Guaido ជាប្រធានាធិបតីស្ដីទីស្របច្បាប់របស់វេណេស៊ុយអេឡា ហើយការស្នើនេះមិនមែនតម្រូវតែទៅលើរដ្ឋាភិបាល អឺរ៉ុបណាមួយឡើយ ប៉ុន្តែគឺសំដៅលើសហភាពអឺរ៉ុបទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងក្នុងសុន្ទរកថាមួយនៅឯសន្និសីទសន្តិសុខរៀបចំឡើងក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសៅរ៍នេះ លោក Pence បាន កត់សម្គាល់ដូច្នេះថា៖ «លោក Guaido ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី បានទទួលការ គាំទ្រពីសហរដ្ឋអាមេរិក និងអន្តរជាតិដើម្បីជំនួសលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាជនផ្ដាច់ការម្នាក់ត្រូវតែចុះចេញពីតំណែង...ដូច្នេះ សហភាពអឺរ៉ុបគួរតែបោះជំហានឆ្ពោះទៅរកសេរីភាព និងទទួលស្គាល់លោក Guaido ជាប្រធានាធិបតីស្ដីទីស្របច្បាប់តែមួយគត់ របស់វេណេស៊ុយអេឡា»

គួរជម្រាបថា បច្ចុប្បន្នក្រៅតែពីវិបត្តិសេដ្ឋកិច្ច វេណេស៊ុយអេឡាក៏កំពុងប្រឈមមុខផងដែរនឹងវិបត្តិមានប្រធានាធិបីតដល់ទៅ២នាក់ ដោយលោក Guaido ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ខណៈលោកម៉ាឌូរ៉ូ នៅតែមាន ចិន និងរុស្ស៊ីជាខ្នងបង្អែកដ៏ធំ៕