(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មន្ទីរការពារជាតិ​អាមេរិកបញ្ចកោណ បានបញ្ចេញនូវយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកដ៏មានអានុភាព​បំផុតជាច្រើន នៅក្នុងសមយុទ្ធដ៏ធំ​ស្ថិតក្នុង​គោលដៅ​បង្កើតសមត្ថភាព​កម្ចាត់សត្រូវ ខណៈអ្នកតាមដានមួយ​ចំនួនមើលឃើញថា វាហាក់​ជាការ​ត្រៀមធ្វើសង្គ្រាម​នៅថ្ងៃ​ណាមួយ៕

 

២៖ ប៉ូលិសអាមេរិកបានឱ្យដឹងថាមនុស្ស៥នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់​កាំភ្លើងម្នាក់បើកការបាញ់ប្រហារនៅឯសួនឧស្សាហកម្មមួយកន្លែងក្នុងរដ្ឋ Illinois៕

 

៣៖ ​រាជទាយាទ​នៃព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីនសាល់ម៉ាន់ (Mohammed bin Salman) បានសម្រេច​ពន្យារពេល​ការ​បំពេញ​ទស្សនកិច្ចមកកាន់ប្រទេស​ម៉ាឡេស៊ីយ៉ាង​បន្ទាន់បំផុត ប៉ុន្តែមិនបាន​បញ្ជាក់​អំពីមូលហេតុ​​នោះ​​ឡើយ ខណៈរឿងក្តីធ្វើ​ឃាតអ្នក​សារព័ត៌មាន Washington Post កាលពីឆ្នាំមុន នៅតែមិនទាន់​រកយុត្តិធម៌ឃើញ​នៅឡើយ៕

 

៤៖ ​អណ្តូងរ៉េពីរកន្លែងក្បែរៗគ្នា​ត្រូវបានទឹក​ជន់លិច ខណៈអាជ្ញាធរហ្ស៊ីមបាវ៉េ​បានអះអាងថា កម្មករដែល​នៅក្នុងអណ្តូងទាំងនោះ​ជាង ៦០នាក់ ទំនងជា​មិនអាចនៅមាន​ជីវិតរស់​នោះឡើយ៕

 

៥៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាឱ្យកងទ័ពត្រៀមខ្លួនអនុវត្តផែនការឈរជើង​ជាអចិន្ត្រៃយ៍នៅឯតំបន់ព្រំដែនជាប់ប្រទេសកូឡុំប៊ី ដើម្បីទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពានដោយយោធាដែលលោកចោទថា​​ សហរដ្ឋអាមេរិកជាមេគំនិត៕

 

៦៖ រដ្ឋកាលីហ្វ័រញ៉ា​ស្ថិតនៅភាគខាង​លិចសហរដ្ឋអាមេរិក មានគម្រោង​ដាក់ពាក្យបណ្ដឹង ប្រឆាំង​រដ្ឋបាលប្រធានាធិបតី​លោក ដូណាល់ ត្រាំ ជុំវិញការ​ប្រកាសដាក់ប្រទេស​ក្នុងភាពអាសន្ន ដើម្បីសាងសង់​ជញ្ជាំងព្រំដែនភាគខាងត្បូង​ ជាមួយប្រទេស​ម៉ិចស៊ីកូ៕